(អាមេរិក)៖ ក្រុមហ៊ុន Amazon បានបង្ហាញឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រាក់ចំណូលបានមកពីការផ្សព្វផ្សាយពាណិជ្ជកម្ម ឬបានមកពីអាជីវកម្មផ្សាយពាណិជ្ជកម្ម មានចំនួន ៣១,២ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ ខណ:ដែលការលក់នៅត្រីមាសទី៤ បានកើនឡើង ៣២ភាគរយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២២។

បើយោងតាមរបាយការណ៍ប្រាក់ចំណូលរបស់ក្រុមហ៊ុន Amazon បានឱ្យដឹងថា អាជីវកម្មផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន Amazon នៅមិនទាន់មានលទ្ធភាពក្នុងការបង្កើតប្រាក់ចំណូលខ្ពស់សម្រាប់ក្រុមហ៊ុននោះទេ ពោលគឺស្ថិតនៅក្នុង ស្ដង់ដារ មួយ តូច ដោយកាលពីត្រីមាសទី៤ ឆ្នាំ២០២១ គឺវាមានត្រឹមតែ ៧ភាគរយនៃប្រាក់ចំណូលសរុបប៉ុណ្ណោះ។

បើទោះបីជាអាជីវកម្មផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន Amazon នៅមិនទាន់បង្កើតបានប្រាក់ចំណូលខ្ពស់ក្ដី ប៉ុន្តែវាគឺជា អាជីវកម្ម មួយដែលរកប្រាក់ចំណូលខ្ពស់ក្នុងចំណោមអាជីវកម្មផ្សេងៗទៀតរបស់ក្រុមហ៊ុន Amazon ផងដែរ សម្រាប់ត្រីមាសចុងឆ្នាំ។

លោក Brian Olsavsky ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Amazon បានផ្ដល់ក្ដីរំពឹងខ្ពស់សម្រាប់អាជីវកម្មមួយនេះ ដោយលោកបានលើកឡើងថា «ខ្ញុំរំភើបក្នុងចិត្តនៅពេលឃើញអាជីវកម្មមួយនេះអាចបង្កើតប្រាក់ចំណូលបាន ខ្ពស់ជាង អាជីវកម្មដទៃ ហើយខ្ញុំជឿជាក់ថាវានឹងបន្តកើនឡើងទៀតសម្រាប់ត្រីមាសបន្តបន្ទាប់»

គួរបញ្ជាក់ផងដែរថា ប្រាក់ចំណូលដែលបានមកពីអាជីវកម្មផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន Amazon គឺទទួលបានលទ្ធផល ល្អ ជាង ក្រុមហ៊ុនផ្សេងៗដូចជា Microsoft ដែលទទួលបានត្រឹមជាង ១០ពាន់លានដុល្លារ, ក្រុមហ៊ុន Snap ទទួលបានត្រឹម ៤,១២ពាន់លានដុល្លារ និងក្រុមហ៊ុន Pinterest មានត្រឹម ២,៥៨ពាន់លានដុល្លារ៕