(កូរ៉េ)៖ ភាពយន្តភាគ Zoombie របស់កូរ៉េ មានចំណងជើងថា «All of Us Are Dead» ដែលចេញផ្សាយនាពេលថ្មីៗនេះ ត្រូវបានរាយការណ៍មកថា ឡើងទៅឈរនៅលំដាប់កំពូល លេខរៀងទី១ លើសេវាកម្ម Netflix ពោលគឺមានប្រជាប្រិយភាពបំផុត ក្នុងចំណោមរឿងមិនមែនជាភាសាអង់គ្លេសទាំង១០ ដែលបានចាក់បញ្ចាំងលើសេវាកម្មមួយនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Straits Time នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។

រឿងភាគដែលផលិតចេញពីគំនូរជីវចលត្លុក មាននិយាយអំពីរឿងរ៉ាវដែលបានកើតឡើង នៅពេលដែលវិទ្យាល័យមួយបានក្លាយជាទីកន្លែងផ្ទុះចេញនូវវីរុស Zombie (ហ្ស៊ុមប៊ី) ដ៏កាចសាហាវ «All of Us Are Dead» បានចេញផ្សាយលើ Netflix នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២កន្លងទៅ ហើយភ្លាមៗក្រោយចេញផ្សាយ ស្រាប់តែទទួលបានការគាំទ្រយ៉ាងខ្លាំង ឡើងលើកំពូលតារាក្នុងចំណោមបណ្តាប្រទេសជាច្រើនដូចជា កូរ៉េខាងត្បូង, អូស្ត្រាលី, ជប៉ុន, គុយវ៉ែត, អាឡឺម៉ង, កាណាដា និងសឹង្ហបុរីជាដើម។

រឿងនេះ នៅតែមានប្រជាប្រិយភាពពីមួយថ្ងៃទៅមួយថ្ងៃ បើទោះបីជាទទួលបានការវាយតម្លៃផ្សេងៗគ្នា ពីសំណាក់អ្នកវិភាគកុនក៏ដោយ ពោលគឺអ្នកខ្លះអះអាងថា ប្រជាប្រិយភាពនៃរឿងភាគនេះ អាចនឹងវ៉ាដាច់រឿងភាគ «Squid Game» ប៉ុន្តែមួយចំនួនទៀត បានរិះគន់ថាទេពកោសល្យនៃការសម្ដែងរបស់តួអង្គ នៅមិនទាន់ល្អនៅឡើយទេ៕