(ភ្នំពេញ)៖ សិស្សានុសិស្សចំនួន១០នាក់ ក្នុងនោះមាននិស្សិតស្រីចំនួន៣នាក់ មកពីបណ្តាខេត្តនានា ក្នុងប្រទេសកម្ពុជា ទទួលបានអាហាររូបករណ៍ឆ្នាំ២០២២ នៃគម្រោងរេដបូក (REDD+) ដែលជាគម្រោងការពារព្រៃឈើតំបន់ជួរភ្នំក្រវាញខាងត្បូង។

ពិធីប្រគល់អាហាររូបករណ៍នេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមវត្តមានលោក ជួប ប៉ារីស អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន និងកញ្ញា ស៊ូ វណ្ណាហ្គោនឡែត នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WILDLIFE ALLIANCE)។

គម្រោងនេះត្រូវបានដឹកនាំដោយក្រសួងបរិស្ថាន និងអនុវត្តដោយអង្គការសម្ព័ន្ធសត្វព្រៃ។ ជារៀងរាល់ឆ្នាំ និស្សិតចំនួន៥រូប ត្រូវបានជ្រើសរើសសម្រាប់កម្មវិធីអាហារូបករណ៍អប់រំសហគមន៍។ កម្មវិធីអាហារូបករណ៍នេះបានចាប់ផ្តើមឡើងនៅឆ្នាំ២០២១។

នាឱកាសនោះដែរលោក ជួប ប៉ារីស បានលើកឡើងថា ព្រៃភ្នំក្រវាញពិតជាមានសារៈសំខាន់ណាស់សម្រាប់ជីវិតមនុស្ស និងសត្វព្រៃ បើយើងនាំគ្នាការពារវាបានល្អ វានឹងផ្តល់ផលឱ្យយើងមិនចេះរីងស្ងួតទេ។ ចំពោះការទទួលបានអាហាររូបករណ៍ទាំងអស់នេះ ក៏ដោយសារការចូលរួមថែរក្សាជួរភ្នំក្រវាញ និងការខិតខំថែរក្សាព្រៃភ្នំក្រវាញដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ តាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន។

លោក ជួប ប៉ារីស បានថ្លែងថា «គម្រោងរេដបូកតំបន់ជួរភ្នំក្រវាញ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨។ គម្រោងនេះត្រូវបានដឹកនាំដោយក្រសួងបរិស្ថាន ដោយមានការគាំទ្រពីអង្គការសម្ព័ន្ធសត្វព្រៃ។ គោលបំណងនៃគម្រោងនេះ គឺដើម្បីលើកកម្ពស់ការកាត់បន្ថយបម្រែបម្រួលអាកាសធាតុ ជួយអភិរក្សព្រៃឈើ និងបង្កើតឱកាសជីវភាពរស់នៅសម្រាប់សហគមន៍មូលដ្ឋាន»

លោកបានលើកឡើថា ដើម្បីជាថ្នូរនឹងការរក្សាព្រៃឈើក្នុងតំបន់ឱ្យស្ថិតស្ថេរ សហគមន៍មូលដ្ឋានឥឡូវនេះអាចទទួលបានឱកាសសិក្សាថ្នាក់ឧត្តមសិក្សាតាមរយៈកម្មវិធីអាហារូបករណ៍។ និស្សិតឆ្នើមទាំងនេះនឹងសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ រួមមានសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ មុខជំនាញដែលពួកគាត់ជ្រើសរើសមានចាប់ពីវិទ្យាសាស្ត្របរិស្ថាន រហូតដល់ទេសចរណ៍ ហើយការសិក្សានេះនឹងផ្តល់សារៈប្រយោជន៍ដល់សហគមន៍របស់ពួកគាត់។

កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត បានថ្លែងថា គម្រោងរេដបូក បង្កើតឱកាសជីវភាពរស់នៅសម្រាប់សហគមន៍ដែលខ្វះខាតនៅក្នុងតំបន់គម្រោង រួមមានភូមិជីផាត ភូមិសុវណ្ណាបៃតង់ ភូមិបាក់អង្រុត ភូមិអូរសោម និងភូមិចំណារ។

កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត បានពន្យល់ថា ឥណទានកាបូន ពីគម្រោងរេដបូក តំបន់ជួរភ្នំក្រវាញ ត្រូវបានទិញដោយក្រុមហ៊ុនអន្តរជាតិនានា ដើម្បីទូទាត់ការបំភាយឧស្ម័នកាបូនិច របស់ពួកគេ តាមរយៈការស្រូបយកកាបូន ពីតំបន់ទេសភាពព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញ។ ជាថ្នូរនឹងកិច្ចការពារព្រៃឈើ សហគមន៍អាចទទួលបានដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវ ស្ពាន អណ្តូងទឹក សាលារៀន និងមណ្ឌលសុខភាព។ សម្រាប់យុវជនជំនាន់ក្រោយនឹងមានឱកាសសិក្សាថ្នាក់ឧត្តមសិក្សាតាមរយៈកម្មវិធីអាហារូបករណ៍គម្រោងរេដបូក តំបន់ជួរភ្នំក្រវាញ។

កញ្ញាបណ្ឌិត បានលើកឡើងបន្ថែមទៀតថា «ភាពជោគជ័យក្នុងកិច្ចការពារព្រៃឈើនឹងជំរុញឱ្យមានអាហារូបករណ៍បន្ថែមទៀតនៅក្នុងឆ្នាំខាងមុខនេះ»

សិស្សានុសិស្សទាំង១០រូបនេះ មកពីគ្រួសារក្រីក្ររស់នៅក្នុងតំបន់ទេសភាពព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញ ដែលស្ថិតនៅក្រោមគម្រោងរេដបូក។ គោលបំណងសំខាន់នៃកម្មវិធីនេះ គឺដើម្បីជួយដល់សិស្សានុសិស្សដែលចង់បន្តការសិក្សា និងបំពេញក្តីសុបិន្តរបស់ពួកគេ ទោះបីជាគ្រួសារមានប្រាក់ចំណូលទាបប្រឈមនឹងការលំបាកក៏ដោយ។

លោក ទូច សុផានី ប្រធានគម្រោងអភិវឌ្ឍន៍សហគមន៍របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានពន្យល់ពីសារៈសំខាន់នៃគម្រោងរេដបូក។

លោកបានគូសបញ្ជាក់ថា «កម្មវិធីអាហារូបករណ៍នេះផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់សិស្សានុសិស្សនៃគ្រួសារក្រីក្រដែលរស់នៅក្នុងតំបន់ទេសភាពព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញ»

គោលបំណងចម្បងនៃគម្រោងនេះ គឺដើម្បីជួយនិស្សិតឱ្យបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំ នៅទីក្រុងភ្នំពេញ។ បន្ទាប់ពីបញ្ចប់ការសិក្សា ពួកគាត់អាចត្រឡប់ទៅសហគមន៍វិញ ដើម្បីជួយក្នុងការអភិវឌ្ឍន៍ភូមិរបស់ពួកគាត់ ហើយក៏អាចចូលរួមចំណែកក្នុងការគាំទ្រដល់កិច្ចការអភិរក្សនៃតំបន់ទេសភាពព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញផងដែរ។

កម្មវិធីអាហារូបករណ៍នេះត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងដើម្បីជួយដល់ក្មេងៗ ក្នុងភូមិដែលជួបការលំបាកក្នុងការបន្តការសិក្សារបស់ពួកគេនៅសាកលវិទ្យាល័យ។ សិស្សត្រូវបានជ្រើសរើសដោយឈរលើលក្ខខណ្ឌនៃស្ថានភាពសេដ្ឋកិច្ចសង្គម និងគ្រួសារមានលំនៅនៅក្នុងតំបន់ជួរភ្នំក្រវាញ ស្ថិតនៅក្រោមគម្រោងរេដបូក ហើយសំខាន់បំផុតនោះគឺសិស្សត្រូវតែប្រឡងជាប់ថ្នាក់ទុតិយភូមិ។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងអាជ្ញាធរមូលដ្ឋានក្នុងសហគមន៍ក៏ធ្វើការសម្ភាសន៍ផ្ទាល់មាត់ ធ្វើតេស្តសរសេរ និងការសម្ភាសន៍ឪពុកម្តាយផងដែរ ដើម្បីធ្វើឱ្យប្រាកដថាសិស្សបំពេញគ្រប់លក្ខខណ្ឌ និងប្តេជ្ញាចិត្តដើម្បីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យរបស់ពួកគេ។

តាមរយៈគម្រោងនេះ ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ កំពុងកសាងអនាគតដ៏ល្អប្រសើរសម្រាប់សហគមន៍ដែលមានទីតាំងនៅតំបន់ទេសភាពព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញ៕