(ប៉េកាំង)៖ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង បានចាប់ផ្តើមហើយនៅថ្ងៃសុក្រ ទី៤ ខែកុម្ភៈនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP។
ពិធី បើក នេះ មាន ការ ចូល រួម ជាអធិបតីភាព ដោយ ប្រធានាធិបតីចិនលោក Xi Jinping។ លោក Xi ដែលនឹងប្រកាសបើកកម្មវិធីប្រកួតកីឡាអូឡាំពិកជាផ្លូវការ ដោយនឹងមានការចូលរួមជាមួយមេដឹកនាំពិភពលោកជាង២០រូបទៀត ក្នុងនោះមានរួមទាំងសមភាគីរុស្ស៊ី លោក Vladimir Putin ដែលប្រធានាធិបតីទាំងពីរបានជួបគ្នាកាលពីព្រឹកមិញផងដែរ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក អង់គ្លេស កាណាដា និងអូស្ត្រាលី ស្ថិតក្នុងចំណោមប្រទេសដែលធ្វើពហិការការទូតនៃការប្រកួតកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ជុំវិញបញ្ហារំលោភសិទ្ធិមនុស្សជនជាតិភាគតិច Uyghur។
ការសម្តែងបើកកម្មវិធីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រខាងលើនេះ មានអ្នកសំដែងប្រហែល ៣,០០០នាក់បានចូលរួមសំដែង ហើយប្រធានបទនឹងរួមបញ្ចូល «ការការពារបរិស្ថាន និងការបំភាយកាបូនទាប»។
កម្មវិធីនេះជាស្នាដៃរបស់អ្នកដឹកនាំរឿងចិនដ៏ល្បីល្បាញគឺលោក Zhang Yimou ដែលជាអ្នកនៅពីក្រោយរឿង extravaganza ឆ្នាំ២០០៨។
កម្មវិធីបើកសម្ពោធ ត្រូវបានបែងចែកជា ១៥ផ្នែកហើយថ្ងៃបើកសម្ពោធព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ឆ្នាំ២០២២នេះ ចំគ្នាជាមួយនឹង "ការចាប់ផ្តើមនៃនិទាឃរដូវ" ផងដែរ។
សូមជម្រាបថា Beijing Winter Olympics នឹងធ្វើឡើងចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានអត្តពលិកជិត៣,០០០នាក់ មកពី៩១ប្រទេស នឹងចូលរួមប្រកួតដណ្តើមមេដាយ៕