(សៀមរាប)៖ អាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលព្រះពុទ្ធបដិមាចំនួន៣អង្គបន្ថែមទៀត នៅរួតបាកាណនៃប្រាសាទអង្គរវត្ត ខណៈមួយអង្គបានជួសជុលរួចរាល់ ដែលគ្រោងនឹងប្រើប្រាស់ពេលវេលាជួសជុលចំនួន៥ខែ ចាប់ពីដើមខែកុម្ភៈ ឆ្នាំ២០២២នេះតទៅ។
លោក សយ សុភារិន្ទ មន្រ្តីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដំណើរការជួសជុលព្រះពុទ្ធបដិមាគឺនៅដើមខែកុម្ភៈ ឆ្នាំ២០២២នេះ គ្រោងនឹងប្រើប្រាស់ពេលវេលាជួសជុលចំនួន៥ខែ។
លោកបានបញ្ជាក់អំពីមូលហេតុ ដែលនាំឱ្យព្រះពុទ្ធបដិមានៅរួតបាកាណរងការខូចខាតទ្រុឌទ្រោម ដោយសារកត្តាធម្មជាតិ ទីកន្លែងមានជ្រាបទឹក ទឹកហូរច្រោះ មានទឹកនោមនិងលាមកសត្វប្រចៀវច្រើន ដូច្នេះក្រុមការងារធ្វើការរើសំណាញ់ចាស់ចោល ដើម្បីជំនួសនូវសំណាញ់ថ្មី ដែលសង្ឃឹមថាប្រចៀវនឹងមិនអាចចូលទៅទុំនៅទីតាំងខាងលើបានទៀតឡើយ។
គម្រោងជួសជុលព្រះពុទ្ធបដិមាខាងលើមានការសហការគាំទ្រគំនិតផ្តួចផ្តើម និងឧបត្ថម្ភថវិកាពីសប្បុរសជនជនជាតិខ្មែរ។
សូមបញ្ជាក់ថា កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ អ្នកជំនាញអភិរក្សចម្លាក់នៃអាជ្ញាធរជាតិអប្សរាបានជួសជុលរួចរាល់ជាស្ថាពរនូវព្រះពុទ្ធបដិមាមួយអង្គនៅទិសខាងត្បូងនៃរួតបាកាណ ដែលមានការខូចខាតទ្រុឌទ្រោម៕