(ភ្នំពេញ)៖ សាកលវិទ្យាល័យធនធានមនុស្ស កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ បានចុះអនុស្សរណៈនៃការយោគយល់ជាមួយ សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា ស្តីពី «កម្មវិធីអភិវឌ្ឍន៍ធនធាន មនុស្សសម្រាប់ វិស័យ មីក្រូហិរញ្ញវត្ថុកម្ពុជា»។

ពិធីចុះហត្ថលេខាបានធ្វើឡើង នៅសាកលវិទ្យាល័យធនធានមនុស្ស ក្រោមអធិបតីភាព អគ្គនាយករងត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា និងមានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំ បុគ្គលិកនៃសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យធនធានមនុស្ស ប្រមាណជាង ១០០នាក់។

អនុស្សរណៈនៃការយោគយល់នេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗ រួមមាន៖

*១៖ បង្កើតនិងពង្រឹងភាពជាដៃគូរវាង សាកលវិទ្យាល័យធនធានមនុស្សនិងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលមាន សមាជិក១២០ស្ថាប័ន ដែលមានសក្តានុពលក្នុងការផ្តល់ការងារ និងមុខរបរដល់និស្សិតនៃសាកលវិទ្យាល័យធនធាន មនុស្ស។

*២៖ បង្កើនសក្តានុពលនិងតម្រង់ទិសនៃការបណ្តុះបណ្តាលនៅសាកលវិទ្យាល័យ ឱ្យឆ្លើយតប និងបំពេញតម្រូវការ ធនធានមនុស្ស ដែលមានសមត្ថភាពវិជ្ជាជីវៈសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ពិសេសសម្រាប់សមាជិក នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

*៣៖ ផ្តល់ឱកាសដល់ប្អូនៗនិស្សិតចុះកម្មសិក្សាស្រាវជ្រាវ ហាត់ការ និងរកការងារធ្វើ។

*៤៖ ស្វែងរកលទ្ធភាពរួមគ្នា ផ្តល់វគ្គសិក្សាឬសិក្ខាសាលា ជំនាញឯកទេស និងជំនាញការងារក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដល់និស្សិត និងជំរុញលើកទឹកចិត្តនិស្សិតចូលរួមក្នុងកម្មវិធីសិក្សាដើម្បីអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈនៅក្នុងគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុជាង១០០ នៅទូទាំងប្រទេស។

*៥៖ តាមរយៈMoU នេះក៏មានបទបង្ហាញលើប្រធានបទមួយចំនួនដែលប្អូនៗ និស្សិតអាចស្វែងយល់ពីវិស័យ មីក្រូហិរញ្ញវត្ថុ និងកំណើនសេដ្ឋកិច្ច កំណើនតម្រូវការធនធានមនុស្ស និងឱកាសអភិវឌ្ឍន៍អាជីពវិជ្ជាជីវៈក៏ដូចជាកម្មវិធី អភិវឌ្ឍន៍ធនធាន មនុស្សសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា របស់សមាគមដែលទាំងនេះ អាចជាទិសដៅបង្ហាញផ្លូវ ឬជាមួលដ្ឋានសម្រាប់ប្អូនៗ រៀបចំលក្ខណសម្បត្តិឬត្រៀមខ្លួនធ្វើសមាហរណ៍កម្មក្នុងអាជីពការងារទាំងក្នុងអំឡុង ពេលនិងបញ្ចប់ការសិក្សា។

បន្ថែមពីនេះទៀត សាកលវិទ្យាល័យសង្ឃឹមជឿជាក់ និងមានសុទិដ្ឋិនិយមថា MoU នេះនឹងនាំមកនូវប្រយោជន៍ភាពជោគជ័យ និងការរីកចម្រើនដល់ភាគីពាក់ព័ន្ធទាំងសាកលវិទ្យាល័យ ទាំងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងជាពិសេសសម្រាប់និស្សិត៕