(សេនហ្វ្រេនស៊ីស្កូ)៖ ក្រុមហ៊ុន Ford Motor គ្រោងផ្អាក ឬកាត់បន្ថយការផលិតនៅក្នុងរោងចក្រចំនួន ៨របស់ខ្លួនដែលមានទីតាំងនៅក្នុងសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដាពេញមួយសប្តាហ៍ក្រោយដោយសារតែបញ្ហាកង្វះខាតបន្ទះឈីបសម្រាប់ផ្គត់ផ្គង់ក្នុងការផលិត។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២។

ផលិតកម្មនៅរោងចក្រក្នុងរដ្ឋ Michigan ទីក្រុង Chicago និងនៅ Cuautitlan ប្រទេសម៉ិកស៊ិកនឹងត្រូវបានផ្អាកដំណើរការ ហើយចំណែកឯនៅក្នុងទីក្រុង Kansas សម្រាប់ការផលិតរថយន្តភីកអាប់ F-150 របស់ខ្លួននឹងត្រូវបានផ្អាកផងដែរ ខណៈពេលដែលការផ្លាស់ប្តូរនោះនឹងជម្រុញឱ្យមានដំណើរការសម្រាប់ផលិតរថយន្ត Transit vans របស់ខ្លួនជំនួសវិញ។

ដោយឡែកក្រុមហ៊ុនផលិតរថយន្តនៅក្នុងទីក្រុង Detroit ដែលជាទីក្រុងដ៏ធំជាងគេរបស់សហរដ្ឋអាមេរិកក៏គ្រោងកាត់បន្ថយការផលិតនៅក្នុងរោងចក្ររបស់ខ្លួននៅ Dearborn និង Louisville ដែលស្ថិតក្នុងរដ្ឋ Kentucky ខណៈពេលដែលរោងចក្រនៅក្នុងទីក្រុង Oakville ប្រទេសកាណាដាក៏បានកាត់បន្ថយពេលវេលាសម្រាប់ផលិតដូចគ្នា។ ចំពោះការផ្លាស់ប្តូរនេះនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០៧ ខែកុម្ភៈ សប្តាហ៏ក្រោយនេះ។

ចំពោះភាគហ៊ុនរបស់ក្រុមហ៊ុន Ford វិញបានធ្លាក់ចុះកាលពីថ្ងៃសុក្រ បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តបានប្រកាសពីប្រាក់ចំណូលប្រចាំត្រីមាសរបស់ខ្លួនដែលទទួលបានតិចជាងការរំពឹងទុក ហើយគេក៏បានធ្វើការព្យាករណ៍ផងដែរគឺមានកំណើនយឺតបើធៀបទៅនិងគូរប្រជែង ក្រុមហ៊ុនផលិតរថយន្ត General Motors របស់សហរដ្ឋអាមេរិក។

ទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុននេះបានបន្ថែមទៀតថា ខ្លួននឹងនៅតែរំពឹងថាបរិមាណរថយន្តនឹងមានការប្រសើរឡើងវិញនៅក្នុងឆមាសទី២ ឆ្នាំ២០២២នេះ៕