(ភ្នំពេញ)៖ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (ទ័ព) នៅថ្ងៃទី០៧ ខែកុម្ភៈនេះ បានរៀបចំពិធីសូត្រមន្ដប្រោះព្រំលើករាសី នៅវត្តមុនីប្រសិទ្ធវង្ស ដើម្បីទទួលបាននូវការអប់រំផ្លូវចិត្ត និងណែនាំកីឡាករឲ្យដើរតាមមាគ៌ាព្រះពុទ្ធសាសនា ក្នុងការប្រកួតលើទីលាន ពីសម្ដេចព្រះឧត្តមវង្សា កិត្តិបណ្ឌិត មួង រ៉ា សម្ដេចព្រះសង្ឃនាយករងទី៣ នៃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីនេះរៀបចំឡើង ក្រោមការដឹកនាំរបស់លោក ស៊ុផាឆ័យ វីរៈភូជង្គ ប្រធានគណៈកម្មការគ្រប់គ្រង និងទ្រទ្រង់សមាគម ដោយមានការចូលរួមពីគណៈគ្រប់គ្រង គ្រូបង្វឹក និងកីឡាករ នៃក្រុមកងយោធពលខេមរភូមិន្ទទាំងអស់ ដើម្បីត្រៀមរដូវកាលថ្មីនៃលីគកំពូលកម្ពុជា ឆ្នាំ២០២២ ដែលគ្រោងបើកការប្រកួតនាដើមខែមីនាខាងមុខ។

លោក ខូវ ឆាយ អគ្គលេខាធិការក្លិបបានឲ្យដឹងថា គោលបំណងនៃកម្មវិធីនេះ គឺដើម្បីទទួលបានពរជ័យសម្រាប់ត្រៀមរដូវកាលថ្មី ពិសេសទទួលបាននូវពុទ្ធឱវាទ និងការអប់រំផ្លូវចិត្តពីសម្ដេចព្រះឧត្តមវង្សា កិត្តិបណ្ឌិត មួង រ៉ា ដើម្បីពង្រឹងស្មារតីរបស់កីឡាករឲ្យចេះគ្រប់គ្រងអារម្មណ៍ សុជីវធម៌ និងក្នុងបច្ចេកទេសបាល់ទាត់ ដោយគោរពគោលការណ៍ Fair-Play ពោលគឺការចង់បានជ័យជម្នះ ដោយសេចក្ដីថ្លៃថ្នូរ ដោយកិត្តិយស និងមិនមានការប្រើប្រាស់ហិង្សាលើទីលាន។

លោកបន្ដថា «ក្រោមការដឹកនាំរបស់លោក ស៊ុផាឆ័យ លោកតែងតែសង្កត់ធ្ងន់តាមបែបព្រះពុទ្ធសាសនា គឺការលេងដោយមេត្ដាធម៌ខ្ពស់ ការអត់ធ្មត់ និង Fair-Play។ ដូច្នេះជារឿយៗ យើងឃើញហើយ ចំពោះកីឡាករភាគច្រើនជាយុវជន គាត់តែងតែមានការក្រេវក្រោធ មានកំហឹងជារឿងធម្មតារបស់យុវជន ក៏ប៉ុន្ដែអ្វីដែលថ្នាក់ដឹកនាំចង់បាន គឺចង់ឲ្យពួកគាត់រៀនចេះគ្រប់គ្រងអារម្មណ៍ សមាធិ ហើយដើរតាមមាគានៃព្រះពុទ្ធសាសនា គឺការលះបង់នូវទោសៈ មោហៈ និងហិង្សាទាំងអស់ ហើយប្រើប្រាស់មេត្ដាធម៌ឲ្យបានខ្ពស់លើទីលាន»។

គួរដឹងថា កន្លងមកថ្នាក់ដឹកនាំក្រុមកងយោធពលខេមរភូមិន្ទ ក៏តែងតែរៀបចំកម្មវិធីបែបព្រះពន្ធសាសនានេះដែរ ដើម្បីពញ្ញាក់ស្មារតី និងដាស់អារម្មណ៍កីឡាករឲ្យពង្រឹងវិន័យ និងក្រមសីលធម៌ សម្រាប់ត្រៀមការប្រកួតរដូវកាលថ្មី ពិសេសការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២២ ដែលគ្រោងនឹងចាប់ផ្ដើមការប្រកួតនាថ្ងៃទី០៥ ខែមីនាខាងមុខ ស្របក្រុមកងយោធពលខេមរភូមិន្ទ បានបង្ហាញពីការត្រៀមខ្លួនរួចរាល់ ដើម្បីប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ៕