(កំពង់ធំ)៖ លោក គុយ លាងគី ម្ចាស់សណ្ឋាគារកំពង់ធំរ៉ូយ៉ាល់ បានថ្លែងថា កត្តាសាមគ្គីភាពគ្នាល្អ តែងតែធ្វើឱ្យយើងគ្រប់គ្នាទទួលបានជោគជ័យ។ លោកបានថ្លែងយ៉ាងដូច្នេះនៅក្នុងពិធីប្រគល់សំលៀកបំពាក់ និងថវិកាដល់ក្លឹបបាល់ទាត់សន្តិភាពខេត្តកំពង់ធំ ដែលត្រៀមប្រកួតដណ្តើមពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ។

ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារកំពង់ធំរ៉ូយ៉ាល់ នៅភូមិទី២ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្រោមវត្តមានលោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា លោក យី សំអូន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ គ្រូបង្វឹក និងក្រុមកីឡាករបាល់ទាត់ជិត៤០នាក់។

លោកបានបន្តថា ដើម្បីចូលរួមលើកស្ទួយវិស័យកីឡាក្នុងខេត្តកំពង់ធំ ឲ្យកាន់តែរីកចម្រើន ពិសេសការចូលរួមជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព និងមានការរីកចម្រើនលើគ្រប់វិស័យហើយវិស័យកីឡាក៏បានរីចម្រើជាលំដាប់ផងដែរ។

លោកបានបញ្ជាក់ថា ការលេងកីឡាដើម្បីសុខភាព តែបើប្រទេសជាតិមិនមានសន្តិភាព ក៏មិនអាចយើងទាំងអស់គ្នាបានជួបជុំលេងកីឡាជាមួយគ្នាបានឡើយដូច្នេះយើងត្រូវ អរគុណសន្តិភាព អរគុណសម្ដេចតេជោ ដែលខិតខំការពារ ថែរក្សាសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសរហូតបានមកដល់សព្វថ្ងៃនេះ។

លោកថា «ឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ចេះគោរពវិន័យ បទបញ្ជា បច្ចេកទេស ស្រលាញ់ និងយោគយល់អធ្យាស្រ័យគ្នា ជាពិសេសបានឆ្លុះបញ្ចាំងនូវការចូលរួមលើកកម្ពស់វិស័យកីឡាឱ្យមានការវិវឌ្ឍឈានទៅមុខជាលំដាប់។
ទឹកចិត្ត និងស្មារតីជាអ្នកកីឡា គឺសំដៅថាការចាញ់ឈ្នះ គឺមិនសំខាន់ទេ ចំណុចដែលសំខាន់នោះឱ្យតែបានជួបជុំគ្នា រាប់អានគ្នា ស្រលាញ់គ្នា មិត្តភាព សាមគ្គីភាព សុខភាព និងឈានទៅរួមគ្នាដើម្បីកសាងឱ្យមានការរីកចម្រើន»

លោកក៏បានដាស់តឿនដល់ក្រុមកីឡាករត្រូវបន្តអនុវត្តន៍វិធានការ «៣ការពារ និង៣កុំ» ក៏ដូចជាវិធានការនានារបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន។

លោក យី សំអូន អ្នកដឹកនាំក្លឹបបានថ្លែងអំណរគុណដល់លោក គុយ លាងគី និងក្រុមគ្រួសារដែលបានផ្តល់សំ លៀកបំពាក់ និងថវិកាដល់កីឡាករសម្រាប់យកទៅប្រើប្រាស់ក្នុងពេលប្រកួត ខាងមុខនេះ សូមជូនពរលោក គុយ លាងគី និងក្រុមគ្រួសារជួបតែសេចក្តីសុខនិងរីកចម្រើនរហូត។

លោក ឃឹម សេង ប្រធានការិយាល័យកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានឲ្យដឹងថា នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ខេត្តកំពង់ធំបានធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតដណ្តើមពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ ដោយប្រកួតជម្រុះក្នុងពូល «ឃ» មាន៤ក្រុម រួមមាន៖

*ទី១៖ ក្លឹបបាល់ទាត់សន្តិភាពខេត្តកំពង់ធំ
*ទី២៖ សមាគមកីឡាខេត្តព្រះវិហារ
*ទី៣៖ សមាគមកីឡាខេត្តមណ្ឌលគិរី
*ទី៤៖ ក្លឹបបាល់ទាត់អថិរាជដំរីឥសាន។ ដោយឡែកក្លឹបបាល់ទាត់សន្តិភាពខេត្តកំពង់ធំ ត្រូវជួបជាមួយសមាគមកីឡាខេត្តមណ្ឌលគិរី៕

គួរបញ្ជាក់ថាក្លឹបបាល់ទាត់សន្តិភាពខេត្តកំពង់ធំមានកីឡាករនិងគ្រូដឹកនាំមានចំនួន៤៣នាក់ទទួលបានសំលៀកបំពាក់២ឈុត និងថវិកា២លានរៀល។