(ភ្នំពេញ)៖ ID Investors Hub បានចុះកិច្ចសន្យាលើការវិនិយោគគម្រោងទី១របស់ខ្លួន នៅអគារ Flatiron ជាអគារពាណិជ្ជកម្មលំដាប់ A ស្ថិតនៅក្រោមគម្រោងសាងសង់របស់ Meridian International Holding ក្នុងទំហំវិនិយោគជាង១២លានដុល្លារ បន្ទាប់ពីបានប្រមូលផ្តុំក្រុមអ្នកវិនិយោគនានានៅកម្ពុជា ខណៈបណ្តាញនេះប្តេជ្ញាថានឹងបង្កើនសកម្មភាពវិនយោគ នៅកម្ពុជាផងដែរ។

ក្នុងពិធីចុះកិច្ចសន្យា លើការវិនិយោគគម្រោងទី១របស់ខ្លួន នៅអគារ Flatiron នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ ២០២២ លោក ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល IDI & IDC បានឱ្យដឹងថា ID Investors Hub បានប្រមូលផ្តុំក្រុមអ្នកវិនិយោគដែលមានសមាជិក១០១នាក់ ដើម្បីវិនិយោគរួមទៅតាមគម្រោងនានា ដោយផ្តោតការវិនិយោគលើវិស័យសំខាន់ៗចំនួន៣ គឺអចលនទ្រព្យ សេវាកម្ម និងកសិកម្ម ដែលជាវិស័យឆ្អឹងខ្នងរបស់កម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍កម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោក ហោ សេរីវឌ្ឍន៍ បានប្តេជ្ញាថានឹងរៀបចំឲ្យយន្តការថ្មីនេះក្លាយជាបណ្តាញដ៏សំខាន់មួយ ក្នុងការប្រមូលផ្តុំគម្រោងវិនិយោគរបស់ពាណិជ្ជករ សហគ្រិន និងវិនិយោគិនក្នុង និងក្រៅប្រទេស ដែលមានបំណងចង់ទទួលមូលនិធិវិនិយោគ Investment Fund យកមកសិក្សា និងវិភាគប្រកបដោយវិជ្ជាជីវៈខ្ពស់ មុនសម្រេចវិនិយោគ ដើម្បីរក្សាសុវត្ថិភាពថវិកា និងផលចំណេញខ្ពស់។

លោបន្តថា បន្ថែមពីបណ្តុំអ្នកវិនិយោគទាំង១០១នាក់នេះ នាពេលខាងមុននេះ ID Investors Hub នឹងបង្កើនសមាជិកបន្ថែមផងដែរ។

លោកបន្ថែមថា «យើងសង្ឃឹមថា នឹងមានការចូលរួមបន្ថែមទៀតពីវិនិយោគគិន និងពាណិជ្ជករផ្សេងៗដែលចាប់អារម្មណ៍ក្នុងការវិនិយោគ ចូលរួមជាមួយខាងបណ្តាញវិនិយោគផ្សេងៗ ឬចូលរួមជាយើងខ្ញុំ ID Investors Hub ឬ ID Capital នេះ ដើម្បីចូលរួមវិនិយោគជាមួយគ្នា ដើម្បីចំណេញដល់បុគ្គលផ្ទាល់ខ្លួន គ្រួសារ និងសង្គមជាតិ»។

IDI Hub ជាបណ្តុំវិនិយោគនាំមុខគេនៅកម្ពុជាមួយ ដែលបានប្រមូលផ្តុំវិនិយោគិន នៅក្នុងប្រទេសដែលមានសក្តានុពល ហើយក៏ជាដៃគូសហការរបស់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិជាតិ និងអន្តរជាតិផ្សេងៗ ។

គួរកត់សម្គាល់ផងដែរថា មុននឹង IDI Hub ព្រមជាមួយសមាជិកសម្រេចវិនិយោគនៅអគារ Flatiron ដែលជាគម្រោងរបស់ Meridian International Holding នេះ គណៈកម្មការជំនាញចំណុះ នៃ IDI Hub និង ID Capital PLC បានសិក្សា និងវាយតម្លៃស៊ីជម្រៅគ្រប់ជ្រុងជ្រោយ មុនឈានដល់ការសម្រេចចិត្តវិនិយោគ ដែលអាចវាយតម្លៃថា ជាគម្រោងដែលអាចទទួលប្រាក់ចំណេញខ្ពស់សម្រាប់វិនិយោគិន ប្រៀបនឹងគម្រោងដែលប្រហាក់ប្រហែល នៅក្នុងតំបន់៕