(កំពង់ចាម)៖ សិស្សានុសិស្សប្រមាណជាង ២០០នាក់ នៅវិទ្យាល័យក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ទទួលបានការប្រឹក្សាយោបល់តម្រង់ទិស ការជ្រើសរើសមុខជំនាញ សិក្សាសម្រាប់ថ្នាក់ឧត្តមសិក្សា និងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ពីទីភ្នាក់ងារជាតិ មុខរបរ និងការងារ(NEA) ដើម្បីសម្រួចមាគ៌ាសិក្សាតាមរយៈការទទួលបាន ជំនាញ និងចំណេះដឹងស្របតាមតម្រូវការទីផ្សារការងារនៅក្នុងពេលអនាគត។

កម្មវិធីប្រឹក្សាយោបល់នេះរៀបចំឡើងដោយទីភ្នាក់ងារជាតិ មុខរបរ និងការងារ (NEA) សហការជាមួយមជ្ឈមណ្ឌលការងារខេត្តកំពង់ចាម ការិយាល័យអប់រំស្រុកបាធាយ និងសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងខេត្ត ដោយបាននាំមកនូវសេវាប្រឹក្សាយោបល់អាជីព និងជ្រើសរើសជំនាញសិក្សាដោយផ្ទាល់ តាមរយៈមជ្ឈមណ្ឌលការងារ ចល័តចំនួន២គ្រឿង ដើម្បីផ្តល់ឱកាស និងលទ្ធភាពដល់សិស្សានុសិស្សទទួលបាននូវព័ត៌មានកាន់តែពេញលេញ ងាយស្រួល និងដល់ទីកន្លែងសម្រាប់ការសម្រេចចិត្ត និងជ្រើសរើស បន្តការសិក្សាឲ្យមានភាពត្រឹមត្រូវ ច្បាស់លាស់នៅក្នុងដំណើរការកសាងមាគ៌ាអាជីព និងឈោងចាប់យកការងាររបស់ខ្លួនបន្ទាប់ពីបញ្ចប់ការសិក្សា។

យន្តការផ្តល់សេវាប្រឹក្សាយោបល់ការងារ និងការរៀបចំផែនការសិក្សា សេវាការងារ និងព័ត៌មានទីផ្សារការងារតាមរយៈ NEA ក៏ដូចជារថយន្តចល័តនៅក្នុងវិទ្យាល័យ ហ៊ុន សែន ជើងធ្លុក ស្ថិតនៅក្នុងឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ដែលជាផ្នែកមួយនៃអន្តរាគមន៍ជាក់ស្តែង នៅទូទាំងប្រទេស ជូនដល់សិស្សានុសិស្ស ដើម្បីត្រៀមបន្តការសិក្សាប្រកបដោយភាពទំនុកចិត្ត។

NEA នឹងបន្តសកម្មភាព និងយន្តការដូចគ្នានេះ ឲ្យបានទូលំទូលាយនៅតាមវិទ្យាល័យផ្សេងៗទៀត សំដៅធ្វើឲ្យការផ្សព្វផ្សាយអំពីសេវា និងការទទួលបានសេវា កាន់តែខិតជិត ទៅដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅតាមមូលដ្ឋានទូទាំងប្រទេស ដែលជាយន្តការរបស់រាជរដ្ឋាភិបាល និងក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់អ្នកប្រើប្រាស់សេវាឲ្យមានលទ្ធភាព និងជម្រើសកាន់តែសម្បូរបែបនៅក្នុងទីផ្សារការងារកម្ពុជា។

សូមបញ្ជាក់ថា សិស្សានុសិស្សដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិកម្រិត២ បាក់ឌុប អាចទទួលបានការប្រឹក្សាយោបល់ដូចគ្នានេះនៅ NEA តាមរយៈការសាកសួរព័ត៌មានក្នុងបណ្តាញផ្សព្វផ្សាយដូចជា៖ គេហទំព័រ ហ្វេសប៊ុក និងមជ្ឈមណ្ឌលការងារនៅទូទាំងរាជធានីខេត្ត ដើម្បីសម្រេចចិត្តបានល្អប្រសើរ និងប្រទាក់ក្រឡាទៅនឹងឱកាសការងារដែលប្អូនៗត្រូវបន្តជ្រើសរើសសម្រាប់អាជីពរបស់ខ្លួន។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្រងសំណួរស្វែងយល់ពីការរៀបចំផែនការសិក្សា និងអាជីព ក៏ដូចជាសេវាចុះឈ្មោះស្វែងរកការងារ ដែលផ្តល់ជូនដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ សូមចូលទៅកាន់គេហទំព័រការងារ www.nea.gov.kh (http://www.nea.gov.kh/), ទំព័រ Facebook (neakhmer) ឬតាមរយៈលេខទូរស័ព្ទ 077 232378 / 016 786655 (Telegram)៕