(ភ្នំពេញ)៖ និស្សិតចំនួន៣៥នាក់ មកពីសាកលវិទ្យាល័យនានា នៅទូទាំងប្រទេសបារាំង កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ បានមកដល់ទីក្រុងភ្នំពេញ ដើម្បីសិក្សា ចូលរួមផ្លាស់ប្តូរបទពិសោធន៍ សិក្សានៅវិទ្យាស្ថានខេមអេដ (CamEd Business School) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយ ក្នុងប្រទេសកម្ពុជា។ កម្មវិធីផ្លាស់ប្តូរបទ ពិសោធន៍សិក្សានេះ ជាការរៀបចំឡើងលើកដំបូងរបស់ វិទ្យាសា្ថនខេមអេដ ហើយវិទ្យាស្ថាន នឹងមានគម្រាង រៀបចំកម្មវិធីនេះនៅថ្ងៃខាងមុខ បន្តបន្ទាប់ទៀត។

វិទ្យាស្ថាន ខេមអេដ បានរៀបចំកម្មវិធីស្វាគមន៍ ការមកដល់ នៃក្រុមនិស្សិតអន្តរជាតិទាំងនោះ ដោយមានការចូលរួមពី ឥស្សរជនសំខាន់ៗ មកពីស្ថាន ឯកអគ្គរដ្ឋទូត បារាំងប្រចាំ រាជធានីភ្នំពេញ និងនិយ័តករគណនេយ្យ និងសវនកម្ម កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២។

ក្រៅពីការចូលរួមសិក្សា និងផ្លាស់ប្តូរបទពិសោធន៍សិក្សា ក្នុងកម្មវិធីសិក្សាពេលព្រឹក និស្សិតអន្តរជាតិទាំងអស់ របស់យើងនឹងចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុននានាមកគ្រប់វិស័យ សំខាន់ៗ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច និងធនាគារ ដើម្បីពង្រឹង ចំណេះដឹងរបស់ពួកគេ។ ក្នុងអំឡុងពេលស្នាក់នៅ ពួកគេនឹងចូលរួមក្នុងការប្រកួតកីឡា និង សកម្មភាពក្រៅកម្មវិធីសិក្សាផ្សេងទៀត ជាមួយនិស្សិតកម្ពុជាផងដែរ។

លោកបណ្ឌិត ព្រំ វីរៈ ប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានខេមអេដ បានថ្លែងថា «នៅពេលខ្ញុំ ក្រឡេកមើលពួកគេ ខ្ញុំបានឃើញពីមូលហេតុ ដែលពិភពលោកទាំងមូល មានទំនាក់ទំនង យ៉ាងជិតស្និទ្ធ ជាមួយប្រទេសនានា ដែលពឹងផ្អែកកាន់តែខ្លាំង លើគ្នាទៅវិញទៅមកជាងពេលមុនៗ។ នេះជាការឆ្លើយតបដោយផ្ទាល់ទៅនឹងចក្ខុវិស័យ របស់វិទ្យស្ថានខេមអេដ ដែលបានផ្តោតសំខាន់ ទៅលើការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ មនោសញ្ចេតនានេះ ត្រូវបានចែករំលែកយ៉ាង ពេញលេញដោយអ្នកគ្រប់គ្រងកំពូលៗ»

លោក ខេស៊ី បាណេត នាយកវិទ្យាស្ថានខេមអេដ បានបន្តទៀតថា «ជាមួយនឹងគុណភាព នៃការបង្រៀន របស់យើង និស្សិតអន្តរជាតិគ្រប់រួប នឹងត្រូវយកចិត្តទុកដាក់ សិក្សារៀនសូត្រ ក៏ដូចជាត្រូវចំណាយពេលវេលា របស់ខ្លួនឈ្វេងយល់ពីវប្បធម៌ ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជាផងដែរ»

និស្សិតអន្តរជាតិ របស់យើង នឹងចូលរៀន រហូតដល់ចុងខែមេសា ហើយនឹងត្រូវប្រឡង តាមប្រព័ន្ធប្រឡង ពីចម្ងាយ (Remote Exam) ពីប្រទេសបារាំង។ ជាមួយ នឹងបទពិសោធន៍ ការងារដែលពួកគេនឹងទទួលបានពីកម្មសិក្សា ពួកគេនឹងត្រលប់ ទៅប្រទេសបារាំងវិញ ដោយទទួលបានចំណេះដឹង និងជំនាញថ្មីៗ។ លើសពីនេះទៅទៀត ពួកគេនឹងមានមោទនភាព ដែលពួកគេបានមកកាន់ ព្រះរាជាណាចក្រអច្ឆរិយៈមួយនេះ៕