(ព្រះសីហនុ)៖ សហព័ន្ធកីឡាទូកក្តោងកម្ពុជា នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានរៀបចំបើកវគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេសចំនួន២៥នាក់ ពាក់ព័ន្ធនឹងការរៀបចំការប្រកួតកីឡាទូកក្តោងចាប់ពីថ្ងៃទី៧-១០ ខែកុម្ភៈ ឆ្នាំ២០២២ នៅមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការនៃសហព័ន្ធកីឡាទូកក្តោង។

ដោយរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចទទួលធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដោយក្នុងនោះនឹងមានប្រភេទកីឡាទូកក្តោង ដែលជាកីឡាលើទឹកមួយដែលមានប្រជាប្រិយភាពនៅក្នុងតំបន់ និងបណ្តាប្រទេសជាច្រើននៅលើពិភពលោក និងមានប្រតិភូ អត្តពលិកមកពីបណ្តាប្រទេសអាស៊ានយ៉ាងតិចចំនួន៨ប្រទេសចូលរួម។

ក្រោយពីការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២១ នៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ កាលពីខែធ្នូ ឆ្នាំ២០២១ ទទួលបានជោគជ័យជាទីមោទន សហព័ន្ធកីឡាទូកក្តោងកម្ពុជាបានទទួលបទពិសោធន៍ល្អៗជាច្រើន និងចំណុចខ្វះខាតមួយចំនួន ដែលតម្រូវឱ្យមន្ត្រីបច្ចេកទេសរបស់សហព័ន្ធត្រូវសិក្សាស្វែងយល់បន្ថែម។

ក្នុងឱកាសនេះ ក្រោមគម្រោងថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាទូកក្តោងកម្ពុជាបានបើកវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសរៀបចំការប្រកួតកីឡាទូកក្តោង ដើម្បីឱ្យកីឡាទូកក្តោងរបស់កម្ពុជាមានមន្រ្តីបច្ចេកទេសមានចំណេះជំនាញកម្រិតខ្ពស់សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ និងដើម្បីបង្ហាញដល់មហាជនបានឃើញ និងស្វែងយល់អំពីប្រភេទកីឡាទូកក្តោងផងដែរ។

មន្រ្តីបច្ចេកទេសសម្រាប់រៀបចំការប្រកួត គឺពិតជាមានសារៈសំខាន់ណាស់លើការរៀបចំការប្រកួតយ៉ាងណាឱ្យមានគុណភាព និងស្របតាមច្បាប់ដែលសហព័ន្ធអន្តរជាតិបានកំណត់ រួមទាំងមានតម្លាភាពក្នុងការប្រកួតដល់កីឡាករដែលចូលរួមគ្រប់រូប។

វគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសនេះមានសិក្ខាកាមសរុបចំនួន២៥នាក់ ដោយផ្តោតសំខាន់ទៅលើទ្រឹស្តី និងការអនុវត្តជាក់ស្តែង៖

១. ទ្រឹស្តី៖ ប្រវត្តិនៃកីឡាទូកក្តោង សម្ភារៈប្រើប្រាស់សម្រាប់រៀបចំការប្រកួត ក្បួនខ្នាតនៃទីលានប្រកួត ការប្រើប្រាស់សញ្ញាផ្សេងៗ និងបទបញ្ញាត្តិនៃការប្រកួត។

២. ការអនុវត្ត៖ អនុវត្តផ្ទាល់ដោយរៀបចំជាការប្រកួតមួយ និងមានការពន្យល់ផ្ទាល់នៅលើទឹក៕