(ចិន)៖ ប្រទេសចិនត្រូវបានគេដឹងថា ជាទីផ្សារភាពយន្តហូលីវូដដ៏ធំបំផុតមួយលើពិភពលោក ជាពិសេសចំពោះភាពយន្តដែលស្ថិតក្រោមផលិតកម្ម Marvel តែម្តង ខណៈរឿង «Spider-Man: No Way Home» ដែលមិនទាន់យកទៅចាក់បញ្ចាំងនៅប្រទេសចិនផងនោះ ស្រាប់តែចំណេញប្រាក់បានជាង១ពាន់លានដុល្លារទៅហើយ។ តែយ៉ាងណា គេរំពឹងថា ប្រាក់ចំណូលរឿងនេះនឹងបន្តកើនឡើងថែមទៀត រហូតដល់ខ្ទង់ ២ពាន់លានដុល្លារ ប្រសិនបើយកទៅចាក់បញ្ចាំងនៅប្រទេសចិន។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន CNBC នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២។
ចាប់តាំងពីចាក់បញ្ចាំងនៅអំឡុងខែធ្នូ ចុងឆ្នាំ២០២១មក រឿង «Spider-Man: No Way Home» គឺបានឈរនៅលំដាប់កំពូលជានិច្ច ក្នុងនាមជាខ្សែភាពយន្តដែលរកប្រាក់ចំណូលបានច្រើនបំផុត ក្នុងបរិបទកូវីដ-១៩នេះ។ រឿងនេះ ត្រូវបានគេដឹងថា ជាខ្សែភាពយន្តតែមួយគត់ ចាប់តាំងពីឆ្នាំ២០១៩មក ដែលបានកាន់កាប់ប្រាក់ចំណូល ១ពាន់លានដុល្លារ ពីការចាក់បញ្ចាំងទូទាំងពិភពលោក និងខ្ទង់ ៧៤៨.៩លានដុល្លារ ពីការចាក់បញ្ចាំងក្នុងស្រុក។
ទោះជាទទួលបានប្រាក់ចំណេញច្រើនសន្ធឹកសន្ធាប់ក្តី ប៉ុន្តែដោយសារមានការផ្លាស់ប្តូរ គោលនយោបាយរបស់រដ្ឋាភិបាលចិន គួបផ្សំជាមួយនឹងការកើនឡើងប្រាក់ចំណូលក្នុងស្រុក បានធ្វើឲ្យចិនមានជម្រើសកាន់តែច្រើន ក្នុងការជ្រើសរើសភាពយន្តនៅបណ្តាប្រទេសលោកខាងលិច ដើម្បីបញ្ចាំងនៅក្នុងប្រទេសរបស់ខ្លួន។ ប្រការនេះបានធ្វើឲ្យរឿង «Spider-Man: No Way Home» បានបាត់បង់ចំណូលខ្ទង់រាប់រយលានដុល្លារ ពីទីផ្សារប្រទេសចិន ត្បិតថាវាមិនទាន់ទទួលបានថ្ងៃកំណត់ ក្នុងការចាក់បញ្ចាំងនៅប្រទេសចិននៅឡើយទេ រហូតមកទល់ពេលនេះ។
គួរជម្រាបថា រឿង «Spider-Man: No Way Home» ត្រូវបានគេចាត់ទុកថា ជាខ្សែភាពយន្តដែលរកប្រាក់ចំណូលបានច្រើនបំផុត ក្នុងរដូវកាលកូវីដ-១៩នេះ។ រឿងនេះ មានការចូលរួមពីសំណាក់តារាសម្ដែងដទៃទៀត ក្នុងភាពយន្ត ដូចជា Jacob Batalon (ចេខុប បាឡាតុន) ដែលដើរតួជាមិត្តល្អរបស់ Tom Holland (ថម ហុលឡេន) និង Zendaya (ហ្សេនដាយ៉ា) ផងដែរ។ រឿងនេះ ត្រូវបានគេដឹងថា ចំណាយប្រាក់ក្នុងការផលិតអស់ប្រមាណ ២០០លានដុល្លារអាមេរិក ខណៈចំណូលវិញ គឺទទួលបានជិត២ពាន់លានដុល្លារទៅហើយ៕