(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈនេះ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២-២០២៣ និងសិក្ខាសាលាថ្នាក់ជាតិស្ដីពី អភិបាលកិច្ចល្អ នៃការគ្រប់គ្រងព្រឹត្តិការណ៍ SEA Games-ASEAN Para Games ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC។
សម្ដេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា សន្និបាត និងសិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការបញ្រ្ជាបការយល់ដឹងឲ្យកាន់តែច្បាស់អំពីគោលបំណង ខ្លឹមសារ និងបញ្ហាប្រឈមនានា ដើម្បីរកដំណើរឆ្ពោះ ឆ្ពោះទៅរកភាពជោគជ័យក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ នាឆ្នាំ២០២៣។ ជាមួយគ្នានោះសម្ដេចក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ អគ្គលេខាធិការដ្ឋាន និងមន្ដ្រីគ្រប់ស្ថាប័នពាកក់ព័ន្ធ ដែលអនុវត្តការងារបានរលូន ប្រកបដោយវឌ្ឍនភាព និងសមិទ្ធផលជាវិជ្ជមាន។
សម្ដេចពិជ័យសេនាបានបង្ហាញសុទិដ្ឋិនិយមថា «ខ្ញុំមានជំនឿចិត្តយ៉ាងមុតមាំថា ឆ្លងកាត់សន្និបាត និងសិក្ខាសាលាថ្ងៃនេះ យើងនឹងស្វែងរកគន្លឹះការងារសំខាន់ៗ ដែលជាធាតុចូលដ៏មានសារៈសំខាន់ និងផ្ដល់នូវប្រសិទ្ធភាពការងារគ្រប់ជ្រុងជ្រោយរបស់ CAMSOC បន្ដទៀត។ ហើយទិសដៅឆ្នាំ២០២២ គឺជាឆ្នាំប្រតិបត្តិការរៀបចំស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមរបស់យើង ដែលទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវមានភាពប្រាកដនិយម និងទទួលខុសត្រូវខ្ពស់បំផុត ចំពោះមុខ CAMSOC ចំពោះមុខរាជរដ្ឋាភិបាល និងចំពោះមុខសហព័ន្ធក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍»។
លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC បានបញ្ជាក់ថា សន្និបាតបូកសរុប និងសិក្ខាសាលាខាងលើ ពិតជាមានសារសំខាន់ និងផ្ដល់នូវប្រសិទ្ធភាពការងារបន្ថែមដល់ CAMSOC ដោយផ្ដោតលើគោលបំណងសំខាន់ដូចជា៖
១៖ ការយល់ដឹងពីវឌ្ឍនភាពការងារ និងទិសដៅបន្ដរបស់ CAMSOC រហូតដល់ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
២៖ បញ្ជ្រាបការយល់ដឹងស្ដីពីតួនាទី-ភារកិច្ចស្នូល និងភារកិច្ចសហការរបស់គណៈកម្មការជំនាញនីមួយៗ និងកំណត់ប្រតិទិនកាករងារសំខាន់ៗមួយចំនួន។
៣៖ បញ្ជ្រាបការយល់ដឹងស្ដីពីរដ្ឋបាលកិច្ចផ្ទៃក្នុង និងយន្ដការជំនាញរបស់គណៈកម្មការជំនាញនីមួយៗ។
៤៖ ស្វែងរកដំណោះស្រាយបញ្ហាប្រឈម ឬកង្វល់នានាដែលនៅសេសសល់ឲ្យបានទាន់ពេលវេលា។
៥៖ ពង្រឹងតម្លាភាព គណនេយ្យភាព និងអភិបាលកិច្ចល្អ ក្នុងការគ្រប់គ្រងដឹកនាំព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
៦៖ ការដាក់ចេញនូវក្រុមប្រតិបត្តិ និងក្រុមសីលធម៌របស់ CAMSOC ដើម្បីធានាប្រសិទ្ធភាពបន្ថែមក្នុងការងាររៀបចំស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យ។
សូមបញ្ជាក់ថា សន្និបាត និងសិក្ខាសាលានេះ មានរយៈពេល ១ថ្ងៃកន្លះនៅថ្ងៃទី០៩-១០ ខែកុម្ភៈនេះ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ នៃគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ អាជ្ញាធររាជធានី-ខេត្ត តំណាងអង្គភាពកីឡា សហព័ន្ធកីឡាជាតិ និងអ្នកជំនាញអន្ដរជាតិ។ សម្ដេចពិជ័យសេនា ទៀ បាញ់ បានសំណូមពរឲ្យថ្នាក់ដឹកនាំ និងអ្នកចូលរួមទាំងអស់ ត្រូវយកចិត្តទុកដាក់ និងយកបទពិសោធន៍ល្អៗ ធ្វើការផ្លាស់ប្ដូរឲ្យបានផុសផុល ដើម្បីប្រមូលធាតុចូលសំខាន់ៗ មកសម្រួច និងពង្រឹងផែនការការងារឆ្ពោះទៅរកជោគជ័យក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា ក្រោយរង់ចាំអស់រយៈពេល ៦៤ឆ្នាំ៕