(ភ្នំពេញ)៖ លោក Keisuke HONDA អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានចូលរួមដឹកនាំហ្វឹកហាត់ក្រុមជម្រើសជាតិ U23 កម្ពុជាភ្លាម បន្ទាប់ពីធ្វើដំណើរមកដល់កម្ពុជាកាលពីថ្ងៃទី០៩ ខែកុម្ភៈម្សិលមិញ ដើម្បីត្រៀមការប្រកួតពានរង្វាន់ AFF U23 Championship 2022 នៅកម្ពុជា នាដើមសប្ដាហ៍ក្រោយ ខណៈសំបុត្រចូលទស្សនាព្រឹត្តិការណ៍នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជានឹងបើកលក់ថ្ងៃនេះ។
ដំណាលគ្នានឹងការមកដល់របស់លោក Honda ក្រុមគោព្រៃជំទង់កម្ពុជា ក៏បានសម្រេចពន្យារពេលក្នុងការប្រកាសជម្រុះយកកីឡាករ ២៨នាក់ចុងក្រោយត្រៀមការប្រកួតខាងលើផងដែរ ដើម្បីឲ្យពួកគេមានឱកាសហ្វឹកហាត់ និងដកស្រង់បទពិសោធន៍ផ្ទាល់ជាមួយអតីតខ្សែប្រយុទ្ធជម្រើសជាតិជប៉ុនរូបនេះ ពិសេសកីឡាករថ្មីៗតែម្ដង។ នេះបើតាមការបញ្ជាក់របស់គ្រូជំនួយលោក ភា សុភ័ក្ដ្រា។
លោក ភា សុភ័ក្ដ្រា បានបញ្ជាក់ថា ការធ្វើតេស្ដដំណាក់កាលទី២ ដែលមានបេក្ខភាព ៣៥នាក់ចូលរួម ត្រូវធ្វើការជម្រុះយក ២៨នាក់ចុងក្រោយ សម្រាប់ចូលរួមប្រកួត AFF U23 Championship 2022 នៅថ្ងៃទី០៨ ខែកុម្ភៈ។ ប៉ុន្ដែក្រោយការជជែកគ្នា និងមានការឯកភាពពីលោក Keisuke Honda ផង ក្រុមការងារគ្រូក៏សម្រេចពន្យារពេលប្រកាសនេះទៅថ្ងៃទី១២ ខែកុម្ភៈវិញ ពោលគឺមុនការប្រកួត ២ថ្ងៃ។
គួរដឹងថា ព្រឹត្តិការណ៍បាល់ទាត់ថ្នាក់តំបន់នៅកម្ពុជានេះ នឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី១៤-២៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងកីឡដ្ឋានព្រីនស៍។ ចំពោះសំបុត្រចូលទស្សនា សហព័ន្ធបានប្រកាសដាក់លក់ថ្ងៃនេះ នៅទីតាំងចំនួន៤ រួមមានពហុកីឡដ្ឋានជាតិរមតកតេជោ, ច្រក់ចូលពហុកីឡដ្ឋានជាតិអូឡាំពិក, កីឡដ្ឋានព្រីនស៍ និង The Blue Sports។
ការប្រកួតនេះ ក្រុមគោព្រៃជំទង់កម្ពុជា ស្ថិតក្នុងពូល A ជាមួយទីម័រខាងកើត ហ្វីលីពីន និងព្រុយណេ។ រីឯពូល B មានឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ ខណៈពូល C មានថៃ វៀតណាម និងសិង្ហបុរី។ សម្រាប់ការប្រកួតបើកឆាកនាថ្ងៃទី១៤-កុម្ភៈ កម្ពុជា នឹងត្រូវជួបព្រុយណេមុនគេនាវេលាម៉ោង ៧យប់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោយចប់ការប្រកួតរវាងក្រុមទីម័រខាងកើត និងហ្វីលីពីន៕