(ឡុងដ៍)៖ អ្នកចាត់ការក្លិប Arsenal លោក Mikel Arteta បានចាត់ទុករូបលោកថាជា «ដំណោះស្រាយ» នៅក្នុងទំនាក់ទំនងរបស់លោកជាមួយនឹងកីឡាករ Pierre-Emerick Aubameyang បន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិហ្គាបុងរូបនេះបានលើកឡើងថា ខ្លួនចាកចេញពីក្លិបដែលលេងនៅ Premier League នេះ ដោយសារតែអ្នកចាត់ការក្លិបអេស្ប៉ាញមានបញ្ហាជាមួយគ្នា។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។

Aubameyang បានបញ្ចប់កិច្ចសន្យារបស់លោកជាមួយនឹង Arsenal ដោយការព្រមព្រៀងទ្វេរភាគី ហើយផ្លាស់ទៅលេងនៅ FC Barcelona ក្នុងខែនេះ។ បញ្ចប់ការប្រមើលមើលពីអនាគតរបស់លោក បន្ទាប់ពីអ្នកចាត់ការ Arteta បានដកកីឡាកររូបនេះចេញពីតំណែងប្រធានក្រុម ដោយសារតែ «បំពានវិន័យ» កាលពីខែធ្នូ ឆ្នាំ២០២១។

កីឡាករវ័យ ៣២ឆ្នាំរូបនេះបានលើកឡើងកាលពីសប្តាហ៍មុនថា លោក Arteta មិនសប្បាយចិត្ត ដែលរូបលោកលេងនៅ Arsenal ជាចំណែកមួយ ក្នុងការសម្រេចចិត្តរបស់លោក ដើម្បីស្វែងរកក្លិបថ្មី។

«នោះគឺជាទស្សនៈរបស់គាត់ ដែលគាត់បានលើកឡើង ហើយអ្នកត្រូវតែគោរពវានោះ» នេះបើតាមលោក Arteta បានប្រាប់អ្នកសារព័ត៌មាននាថ្ងៃពុធ។ «ខ្ញុំពិតជារំភើបជាខ្លាំងចំពោះអ្វីដែល Auba បានធ្វើឡើង និងការរួមចំណែករបស់លោក។ អ្វីដែលខ្ញុំមើលឃើញពីខ្លួនឯងក្នុងភាពជាទំនាក់ទំនងនោះ គឺជាដំណោះស្រាយ មិនមែនជាបញ្ហានោះទេ»

Aubameyang បានជួយ Arsenal ឈ្នះពានរង្វាន់ FA Cup ក្នុងឆ្នាំ២០២០ ហើយបានធ្វើជាប្រធានក្រុមកាលពីរដូវកាលមុន បន្ទាប់ពីចុះកិច្ចសន្យាបន្តការលេងក្នុងឆ្នាំ២០២០។ ប៉ុន្តែភ្លាមៗបន្ទាប់ពីនោះ អាជីពរបស់លោកនៅក្លិប Arsenal បានក្លាយជាជូរចត់ ហើយលោកបានចាកចេញ ជាមួយនឹងកិច្ចសន្យារបស់លោកនៅសល់រយៈពេល ១៨ខែទៀត។

Arsenal កំពុងឈរនៅលំដាប់ទី៦ ក្នុងលីគ ដោយមាន ៣៦ពិន្ទុ ក្រោយ ២១ប្រកួត មាន ២ពិន្ទុនាំមុខក្រុមលំដាប់ទី៨ Wolverhampton Wanderers ដែលនឹងត្រូវប៉ះគ្នានាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ៕