(មេនឆេស្ទើ)៖ Cristiano Ronaldo នឹងជួបពិភាក្សាជាមួយភ្នាក់ងាររបស់លោក ជុំវិញអនាគតបន្តលេងនៅក្លិប Manchester United ឬយ៉ាងណា?

ប្រភពពី Daiy Star បានឲ្យដឹងថា ខ្សែប្រយុទ្ធដែលឈានចូលវ័យ ៣៧ឆ្នាំខាងលើនេះ ទំនងជាចាកចេញពីទឺកដី Old Trafford នៅបំណាច់រដូវកាលនេះ ក្រោយពេលសុបិនអាក្រក់បានកំពុងកើតឡើង ខុសពីក្តីរំពឹងដែលអាចធ្វើបានល្អពេលត្រឡប់មកទ្រនំចាស់ជាលើកទី២ នេះ។

CR7 នឹងជួបពិភាក្សាជាមួយភ្នាក់ងារដោះដូរកីឡាករ គឺលោក Jorge Mendes ជាមួយនឹងជម្រើសដែលអាចចាកចេញ ពីនៅរដូវក្តៅខាងមុខ ដ្បិតកិច្ចសន្យាចាស់នៅសល់ ១ឆ្នាំទៀត ជាមួយនឹងជម្រើសបន្តថ្មីផងដែរ។

លើសពីនេះទៀត Ronaldo ក៏គ្រោងនឹងជួបទល់មុខជាមួយ Jorge Mendes ក្រោយត្រឡប់ពីជួយជម្រើសជាតិព័រទុយហ្គាល់ លេងជម្រុះពាន World Cup 2022 ទល់នឹងតួកគី នាខែមីនាផងដែរ ដ្បិតក្នុងខណៈនេះ លោកបានកំពុងពិចារណាលេងឲ្យ Man Utd នេះដែរ។

កិច្ចសន្យាចាស់របស់ប្រធានក្រុមព័រទុយហ្គាល់ Ronaldo នឹងបំផុតនៅបំណាច់ឆ្នាំ២០២៣ និងកំពុងទន្ទឹងរង់ចាំពីជម្រើសដែលបិសាចក្រហមតែងតាំងអ្នកចាត់ការទូទៅថ្មីផងដែរ ហើយក៏មិនពេញចិត្តក្នុងការតែងតាំងគ្រូបង្វឹកស្តីទី Ralf Rangnick ជាគ្រូពេញសិទ្ធិដែរ ហើយពុំធ្លាប់លេងក្រោមការដឹកនាំរបស់លោក Mauricio Pochettino និងលោក Erik Ten Hag ដែរ៕