(កូរ៉េ)៖ បើតាមរបាយការណ៍ ដែលបង្ហាញនៅថ្ងៃសុក្រនេះបានឲ្យដឹងថា ផលិតកម្មលំដាប់យក្សមួយនៅកូរ៉េ គឺ YG Entertainment បានប្រកាសពីការវិនិយោគទឹកប្រាក់រហូតដល់ ៥០០លានវ៉ុន ឬប្រហែល ៤២ម៉ឺនដុល្លារអាមេរិក សម្រាប់ផលិត MV ចម្រៀងមួយឲ្យក្រុមបុរស TREASURE ចំពោះការត្រឡប់មកវិញរបស់ពួកគេ ខណៈចំនួនទឹកប្រាក់ដ៏ច្រើននេះ ជាទូទៅត្រូវបានផលិតកម្មនេះ ចំណាយសម្រាប់តែក្រុមសិល្បករកំពូលៗ ដូចជា BLACKPINK ប៉ុណ្ណោះ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន All K-POP នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា MV បទ «Jikjin» របស់ TREASURE ដែលចំណាយប្រាក់ផលិតយ៉ាងច្រើននេះ គឺត្រូវបានផលិតឡើងដោយអ្នកដឹកនាំ Lee Sang Yoon ជាអតីតនាយកកម្មវិធីប្រគល់ពានរង្វាន់ «MAMA» នៅ Mnet។

តាមអ្នកតំណាងរបស់ផលិតកម្ម YG បានឲ្យដឹងថា ការចំណាយបែបនេះ គឺដោយសារតែផលិតកម្ម គ្រោងនឹងបន្តធ្វើឲ្យប្រសើរឡើង នូវសមត្ថភាពផលិតកម្មផ្ទាល់ខ្លួន ដើម្បីពង្រីកមាតិកាផ្សេងៗដែលបង្កើតឡើង សម្រាប់សិល្បកររបស់ខ្លួន។ ជាកស្តែង សម្រាប់ការថត MV បទ «Jikjin» របស់ TREASURE គឺក្រុមហ៊ុនបាននាំយកនូវរថយន្តប្រភេទទំនើបៗជាច្រើន ដើម្បីដាក់បញ្ចូលក្នុង MV។

ទន្ទឹមគ្នានេះ ក្រុម TREASURE នឹងត្រឡប់មកវិញជាមួយការចេញអាល់ប៊ុមទី១ ចំណងជើងថា «The Second Step: Chapter One» នៅថ្ងៃទី១៥ ខែកុម្ភៈ វេលាម៉ោង៦ល្ងាច ពេលវេលានៅប្រទេសកូរ៉េ៕