(ព្រះសីហនុ)៖ វគ្គបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេសរៀបចំការប្រកួតកីឡាទូកក្ដោងប្រចាំឆ្នាំ២០២១ បានបញ្ចប់ដោយជោគជ័យ ជាមួយលទ្ធផលយ៉ាងគាប់ប្រសើរ បន្ទាប់ពីដំណើរការសិក្សាទាំងទ្រឹស្ដី និងការអនុវត្តផ្ទាល់រយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី០៧-១០ ខែកុម្ភៈ ឆ្នាំ២០២២ នៅមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។
ពិធីបិទវគ្គបណ្ដុះបណ្ដាលខាងលើ បានធ្វើឡើងក្រោមវត្តមានលោក នង ឌីណារ៉ា តំណាងលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក ទុយ ប៊ុនហឿន តំណាងនាយកដ្ឋានអប់រំកាយ និងកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា រួមទាំងសិក្ខាកាមចំនួន ២៥នាក់ដែលបានចូលរួមវគ្គនេះផងដែរ។
លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការសហព័ន្ធកីឡាទូកក្ដោងកម្ពុជាបានបញ្ជាក់ថា ក្រោយធ្វើម្ចាស់ផ្ទះការប្រកួតទូកក្ដោងជើងឯកអាស៊ាន កាលពីចុងឆ្នាំ២០២១ កន្លងទៅ សហព័ន្ធបានសម្រេចជោគជ័យគួរជាទីមោទនៈ និងទទួលបានបទពិសោធន៍ល្អៗជាច្រើន ហើយក៏ឆ្លុះបញ្ចាំងឲ្យឃើញចំណុចខ្វះខាតមួយចំនួន ដែលតម្រូវឲ្យមន្ដ្រីបច្ចេកទេសសហព័ន្ធ ត្រូវសិក្សាស្វែងយល់បន្ថែមជាមួយគ្រូឧទ្ទេសអន្ដរជាតិមកពីសិង្ហបុរី។
លោកថា វគ្គបណ្ដុះបណ្ដាលកម្រិតមូលដ្ឋាននេះ រៀបចំឡើងក្រោមគម្រោងថវិកាក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជំរុញឲ្យប្រភេទកីឡាលើកទឹកចិត្តមួយនេះ មានការរីកចម្រើនបន្ថែមទៀត ទាំងធនធានមន្ដ្រីបច្ចេកទេស និងកីឡាករ-កីឡាការិនី ក្នុងន័យពង្រឹងសមត្ថភាព និងជំនាញកម្រិតខ្ពស់ សម្រាប់ត្រៀមរៀបចំការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា ពិសេសត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
អគ្គលេខាធិការសហព័ន្ធដដែលបន្ដថា «មន្រ្តីបច្ចេកទេសរៀបចំការប្រកួត គឺជាក្រុមការងារដ៏សំខាន់មួយ ដែលអាចធ្វើការប្រកួតមួយទទួលបានជោគជ័យ ហើយបើមន្រ្តីបច្ចេកទេសរៀបចំការប្រកួតរបស់កម្ពុជាយើងមានចំនេះជំនាញកំរិតខ្ពស់ ស្របតាមស្តង់ដា របស់សហព័ន្ធកីឡាទូកក្តោងអន្តរជាតិ នោះគ្រប់ការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នឹងសុទ្ធសឹងតែទទួលបានជោគជ័យ និងគុណភាពនៃការប្រកួតក្នុងកំរិតខ្ពស់»។
ចំពោះលទ្ធផលក្រោយសិក្សារយៈពេល ៤ថ្ងៃកន្លងទៅ បានឆ្លុះបញ្ចាំងឲ្យឃើញភាពរីកចម្រើន និងចំណេះដឹងកម្រិតខ្ពស់របស់សិក្ខាកាម ដែលជាមន្ដ្រីបច្ចេកទេសរៀបចំការប្រកួតរបស់សហព័ន្ធ លើការរៀបចំទម្រង់នៃការប្រកួត ការប្រើប្រាស់ទម្រង់សញ្ញា សំឡេងសម្គាល់ និងច្បាប់បញ្ញាត្តិផ្សេងៗ ក្នុងនោះក្នុងចំណោមសិក្ខាកាមចូលរួម ២៥នាក់ គឺមានសិក្ខាកាម ១៨នាក់ទទួលបាននិទ្ទេសល្អ ស្មើនឹង ៧២%, ៥នាក់ទទួលបាននិទ្ទេសល្អបង្គួរស្មើនឹង ២០% និង ២នាក់ទទួលបាននិទ្ទេសមធ្យមស្មើនឹង ៥%៕