(កំពង់ធំ)៖ មជ្ឈមណ្ឌលការងារខេត្តកំពង់ធំ របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ស្អែកនេះ នឹងសហការជាមួយក្រុមហ៊ុនធំៗចំនួន១១ ដោយនាំយកឱកាសការងារចំនួន ៤២៨កន្លែង តាមមុខតំណែងផ្សេងៗគ្នា មកផ្តល់ជូនសិស្ស\និស្សិត យុវជន អ្នកស្វែងរកការងារនៅក្នុងកម្មវិធី «វេទិកាការងារ»

ក្រុមហ៊ុនធំៗទាំង១១ នោះរួមមាន៖ បុរីសុខសាន្ត៨៨៨, ធនាគារព្រីនស៍, ធនាគារ PPC Bank, ក្រុមហ៊ុន Fortune Life, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC, ក្រុមហ៊ុនគឹមជុង ខូអិលធីឌី, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិរន្ត៍, ក្រុមហ៊ុនស៊ូនលាន, ធនាគារ ABA, ធនាគារអ៊ូរី, និងក្រុមហ៊ុន CUS Land។

កម្មវិធីនេះត្រូវបានរៀបចំឡើងដោយមានការសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ និងសាកលវិទ្យាល័យ CUS ហើយត្រូវបានអនុវត្តយ៉ាងម៉ត់ចត់ នូវវិធានការណ៍បង្ការអនាម័យ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លង និងរីករាលនៃជំងឺ កូវីដ-១៩ ដើម្បីអាចធានាបាន នូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារសម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។

សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនចាប់ពីម៉ោង ០១៖០០រសៀល ដល់ម៉ោង ០៥៖០០ល្ងាច នៅបរិវេណសាកលវិទ្យាល័យ CUS ខេត្តកំពង់ធំ។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងតាមលេខ ០១៦ ៧៨៦ ៦៥៥ (Telegram) ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕