(សៀមរាប)៖ ក្នុងឱកាសនិមន្តទស្សនា ព្រះមេធានុរក្សវជិរប្បញ្ញោបណ្ឌិត គូ សុភាព រាជាគណៈថ្នាក់កិត្តិយស មានសង្ឃដីកាថា រមណីយដ្ឋានអង្គរជាទីកន្លែងសក្ការបូជាដ៏ស័ក្តិសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ លើសពីនេះក៏ជាបេតិកភណ្ឌពិភពលោក ដែលមិនអាចកាត់ថ្លៃបានរបស់មនុស្សជាតិ។
ព្រះអង្គមានសង្ឃដីកាបន្តថា ព្រះអង្គមានទឹកព្រះទ័យសប្បាយរីករាយ នៅពេលនិមន្តឃើញទិដ្ឋភាពដ៏ស្រស់ស្អាតនៃរមណីយដ្ឋានអង្គរ ពិសេសប្រាសាទអង្គរវត្តបានធ្វើការងារជួសជុល អភិរក្ស រួមទាំងបរិវេណនៅជុំវិញ រក្សាបាននូវទេសភាពបៃតងគ្រប់រដូវកាល។ ដោយកិច្ចការទាំងនេះក្រោមការយកចិត្តទុកដាក់ពីអាជ្ញាធរជាតិអប្សរា ក្នុងការលើកតម្លៃរមណីយដ្ឋានអង្គរឱ្យកាន់តែល្បីល្បាញបន្ថែមទៀត។
ក្នុងឱកាសនោះ ព្រះអង្គក៏បានសំណូមពរដល់ភ្ញៀវទេសចរដែលមកទស្សនារមណីដ្ឋានអង្គរឱ្យចូលរួមថែរក្សាអនាម័យ កុំបោះចោលសំរាមពាសវាលពាសកាល និងកុំគូសវាសនៅតាមថ្មប្រាសាទ ដែលនាំឱ្យមានការខូចខាតបាត់បង់តម្លៃសម្បត្តិបេតិកភណ្ឌ ដែលជាស្នាដៃដូនតាបន្សល់ទុក។
ព្រះអង្គគ្រូវជិរប្បញ្ញោ គូ សុភាព បង្ហាញក្តីសង្ឃឹមថា ក្រោយពេលវិបត្តិនៃជំងឺកូវីដ១៩បានស្រាកស្រាន្ត នឹងមានភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនារមណីយដ្ឋានអង្គរកាន់តែច្រើន៕