(អាមេរិក)៖ តារាចម្រៀងល្បីឈ្មោះវ័យក្មេង Billie Eilish ស្រាប់តែកើនចំនួនអ្នក Follow ក្នុងបណ្តាញសង្គម Instagram រហូដល់ ១០០លាននាក់ភ្លាមៗ ក្រោយពីនាងនិងបងប្រុសឈ្មោះ Finneas ត្រូវបានប្រធានាធិបតីអាមេរិក Joe Bidne អញ្ជើញទៅជួបនៅសេតវិមាន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

តារាវ័យ២០ឆ្នាំ Billie Eilish និងបងប្រុសរបស់នាង Finneas បានទៅទីក្រុងវ៉ាស៉ីនតោន ដើម្បីចូលរួមប្រគំតន្រ្តីទេសចរណ៍មួយ គឺ «Happier Than Ever World Tour»

ក្រោយពីដឹងថា តារាល្បីរូបនេះកំពុងស្ថិតនៅទីក្រុង វ៉ាស៉ីនតោន ប្រធានាធិបតីអាមេរិក Joe Biden ប្រញាប់ប្រញាល់អញ្ជើញតារាទាំងពីរមកជួបគ្នានៅសេតវិមានភ្លាមៗ ដើម្បីជាការសួរសុខទុក្ខ។ បង្ហោះរូបមួយសន្លឹក មានគ្នាបីនាក់ លោក Joe Biden បានរៀបរាប់ថា «នៅពេលឮដំណឹងពីមិត្តខ្ញុំថា Billie Eilish និង Finneas កំពុងស្ថិតក្នុងទីក្រុងនេះដើម្បីសម្តែង ខ្ញុំគិតថា ខ្ញុំត្រូវតែអញ្ជើញអ្នកទាំងពីមកសេតវិមាន។ ពិតជាអស្ចារ្យ និងរីករាយខ្លាំងណាស់ ដែលបានជួបអ្នក និងក្រុមគ្រួសាររបស់អ្នក...»

អ្នកលេងបណ្តាញសង្គមបានធ្វើការកត់សម្គាល់ថា ត្រឹមតែប៉ុន្មានម៉ោងប៉ុន្មាន ក្រោយលោក Joe Biden បង្ហោះសារនិងរូបភាពរបស់ Billie Eilish និងបងប្រុសនាង ស្រាប់តែ Instagram របស់នាងកើនចំនួនអ្នក Follow ជាបន្តបន្ទាប់រហូដល់១០០លាននាក់ ស្ទើរតែមិនគួរឲ្យជឿ៕