(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន (Chip Mong Insee Cement Corporation) នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្ដល់ការបណ្តុះបណ្តាលជំនាញជាងសំណង់។

អនុស្សរណៈនៃការយោគយល់គ្នា ត្រូវបានចុះហត្ថលេខា ដោយ លោក Jorge BAIGORRI នាយកប្រតិបត្តិ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន និងលោកបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក អគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាល និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។

ដោយមើលឃើញថា វិស័យសំណង់បាននឹងកំពុងមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយជំនាញជាងសំណង់កាន់តែមានសារៈសំខាន់ ដើម្បីបង្កើនស្តង់ដារ នៃការសាងសង់នៅកម្ពុជា។ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ជឿជាក់ថា ការបណ្តុះបណ្តាលជំនាញជាងសំណង់នេះ គឺជាផ្នែកមួយដ៏សំខាន់ និងដែលជួយគាំទ្រវឌ្ឍនភាព ក្នុងវិស័យសំណង់នៅប្រទេសកម្ពុជា។

លោក ទូច ចាន់ធឿន តំណាងក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន បានមានចំណាប់អារម្មណ៍ថា «ការចុះអនុស្សរណៈនៃការយោគយល់គ្នា ធ្វើឡើងក្នុងបំណង ដើម្បីបណ្តុះបណ្តាលជំនាញជាងសំណង់ជូនដល់ជាងសំណង់ មកពីគ្រប់បណ្តាខេត្តនានា ដើម្បីពង្រឹង និងបន្ថែមជំនាញដែលពួកគាត់មានស្រាប់ ក៏ដូចជាចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសំណង់នៅប្រទេសកម្ពុជា»

វគ្គបណ្តុះបណ្តាលនេះ នឹងប្រព្រឹត្តឡើងនៅតាមសាលាបណ្តុះបណ្តាវិជ្ជាជីវៈដែលជាដៃគូទូទាំងប្រទេស។

បងបងជាងសំណង់ដែលមានចំណាប់អារម្មណ៍ អាចធ្វើការទំនាក់ទំនងបានតាមលេខទូរស័ព្ទ៖
កំពង់ចាម 095 88 8914
កំពង់ធំ 085 999 002
កំពង់ស្ពឺ 095888 430
ស្វាយរៀង 095888 413
តាកែវ 011 333 852
កំពត 095 888 426 ៕