(ភ្នំពេញ)៖ លោក អ៊ូ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានចាត់ទុកអាជ្ញាកណ្ដាល-ចៅក្រម និងគ្រូបង្វឹក គឺជាតួអង្គសំខាន់ក្នុងការជួយជំរុញការអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនព្រលឹងវប្បធមជាតិខ្មែរនេះឲ្យកាន់តែរីកចម្រើន។
លោកបានលើកឡើងបែបនេះក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រម និងគ្រូបង្វឹកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ដ្រីអាជ្ញាកណ្ដាល-ចៅក្រម និងគ្រូបង្វឹកឲ្យកាន់តែរឹងមាំបន្ថែមទៀត។
អគ្គលេខាធិការសហព័ន្ធខាងលើបានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះជាផ្នែកមួយនៃការពង្រីកសក្តានុពលវិស័យកីឡាគុនល្បុក្កតោទាំងថ្នាក់ជាតិ និងលើឆាកអន្តរជាតិ ព្រោះអាជ្ញាកណ្តាល-ចៅក្រម និងគ្រូបង្វឹក ត្រូវបានចាត់ទុកថា ជាតួអង្គដ៏សំខាន់ក្នុងការជួយជំរុញឲ្យប្រភេទកីឡាមួយនេះរីកចម្រើន ទាំងការអនុវត្តនូវបទបញ្ជាប្រកួត ការកាត់សេចក្តីដោយយុត្តិធម៌ ទាំងការដឹកនាំការប្រកួត និងផលិតនូវធនធានកីឡាករ-កីឡាការិនីជាដើម។
វគ្គនេះមានសិក្ខាកាមចូលរួម ២៨នាក់ ក្រោមការបង្ហាត់របស់គ្រូឧទ្ទេស ៦នាក់ ដោយផ្តោតសំខាន់លើរបៀបនៃការដាក់ពិន្ទុ និងអនុវត្តតួនាទីភារកិច្ចរបស់អាជ្ញាកណ្តាល-ចៅក្រម និងគ្រូបង្វឹក ក៏ដូចជាយុទ្ធសាស្រ្ត និងវេជ្ជសាស្ត្រកីឡាជាដើម។ ទាំងអស់នេះគឺជាធាតុផ្សំសំខាន់ ក្នុងការអភិវឌ្ឍជំនាញ សម្រាប់ដំណើរការប្រកួតគុនល្បុក្កតោថ្នាក់ជាតិ និងអន្ដរជាតិ ពិសេសត្រៀមទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
លោកបណ្ឌិតព្រឹទ្ធាចារ្យ ស៊ាន គឹមស៊ាន ប្រធានបណ្ឌិតសភាកីឡាគុនល្បុក្កតោកម្ពុជាបានថ្លែងថា ដើម្បីជំរុញឲ្យក្បាច់គុនព្រលឹងវប្បធម៌ខ្មែរមួយនេះកាន់តែរីកចម្រើន អាជ្ញាកណ្ដាល-ចៅក្រម គ្រូបង្វឹក កីឡាករ-កីឡាការិនី និងកូនខ្មែរទាំងអស់ ត្រូវពួតដៃគ្នាថែរក្សាមរតកក្បាច់គុននេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងគ្រប់ជំនាន់ ដើម្បីអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនល្បុក្កតោកម្ពុជាឲ្យរស់នៅជាអមតៈ។
លោក ប៉ែន វុទ្ធី តំណាងក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះវគ្គបណ្តុះបណ្តាលខាងលើ ដើម្បីបន្តការអភិវឌ្ឍក្បាច់គុនអត្តសញ្ញាណជាតិមនេះឲ្យកាន់តែល្បីល្បាញបន្ថែមទៀត ពិសេសគោលដៅពង្រីកការផ្សព្វផ្សាយលើឆាកអន្តរជាតិ ហើយឈានទៅរកជោគជ័យជូនជាតិ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា នាឆ្នាំ២០២៣៕