(ភ្នំពេញ)៖ ក្រុមឥណ្ឌូនេស៊ី បានប្រកាសដកខ្លួនចេញពីការប្រជែងពាន AFF U23 Championship 2022 ដែលមានសមាជិកក្រុម ៨នាក់បានវិជ្ជមាន COVID-19 ដ្បិតក្រុមឥណ្ឌូនេស៊ីបានស្ថិតក្នុងពូល B ជាមួយឡាវ, ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា ដែលមានប្រទេសកម្ពុជា ធ្វើជាម្ចាស់ការប្រកូតដោយនឹងចាប់ផ្តើមពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ។

ប្រភពបានបង្ហាញលើបណ្តាញសង្គម Twitter ថា ក្រុមឥណ្ឌូនេស៊ីមានកីឡាករ ៧នាក់ និងសមាជិកមន្ត្រីក្រុម ១នាក់មានភាពវិជ្ជមានមេរោគ COVID-19។ សមាគមបាល់ទាត់ឥណ្ឌូនេស៊ីចេញសេចក្តីប្រកាសថា ក៏នៅមានកីឡាករ ៣នាក់រងរបួសដែលមានរួមទាំងអ្នកចាំទី ដែលតាមគម្រោងឥណ្ឌូនេស៊ី ត្រូវជួបប្រកួតបើកឆាកទល់នឹងឡាវ ហើយបន្តទៅប៉ះក្រុមមីយ៉ាន់ម៉ា និងម៉ាឡេស៊ីក្នុងពូល B ដូចគ្នា។

គួររំលឹកផងថា ការប្រកួត AFF U23 Championship 2022 ដែលក្រុមកម្ពុជា U23 ស្ថិតក្នុងពូល A ត្រូវប៉ះជាមួយទីម័រខាងកើត ហ្វីលីពីន និងព្រុយណេ ដោយនឹងចាប់ផ្តើមពីថ្ងៃទី១៤-២៦ ខែកុម្ភៈខាងមុខ ដែលបើកឆាកប្រកួតដំបូង ទីម័រខាងកើត ប៉ះហ្វីលីពីន និងកម្ពុជា ប៉ះព្រុយណេ ធ្វើនៅពហុកីឡដ្ឋានមរតកតេជោ៕