(លីវើភូល)៖ ខ្សែប្រយុទ្ធ Liverpool កីឡាករ Sadio Mane នឹងស្ថិតក្នុងក្រុមសម្រាប់ការប្រកួតប៉ះក្រុម Burnley ក្នុងលីគ Premier League នាថ្ងៃអាទិត្យស្អែកនេះ បន្ទាប់ពីឈ្នះពានរង្វាន់ Africa Cup of Nations 2021 ជាមួយក្រុមជម្រើសជាតិសេណេហ្គាល់ ស្របពេលដែលកីឡាករប្រធានក្រុម Jordan Henderson ក៏នឹងមានវត្តមានផងដែរ។ នេះបើតាមសម្តីអ្នកចាត់ការ Juergen Klopp ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២។

Mane ដែលបានស៊ុតបាល់ប៉េណាល់ទី ធ្វើឲ្យក្រុមសេណេហ្គាល់យកឈ្នះលើក្រុមអេហ្ស៊ីប ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនោះ បានប្រកួតចុងក្រោយសម្រាប់ក្លិប Liverpool កាលពីជាង ១ខែមុន ស្របពេលដែលកីឡាករ Henderson បានខកខានការប្រកួតឈ្នះក្នុង Premier League កាលពីថ្ងៃព្រហស្បតិ៍លើក្រុម Leicester City បន្ទាប់ពីមានបញ្ហារបួសខ្នង។

«ខ្ញុំសន្មត់ទុកជាមុនថា Sadio នឹងចូលហ្វឹកហាត់ពេញលេញនៅថ្ងៃនេះ ហើយបន្ទាប់មកយើងនឹងធ្វើការសម្រេចចិត្ត ស្ថិតលើអារម្មណ៍របស់គាត់ និងអ្វីៗគ្រប់យ៉ាង» នេះបើតាមសម្តីលោក Klopp បានប្រាប់អ្នកសារព័ត៌មាន។

សូមជម្រាបថា Liverpool ឈរនៅលំដាប់ទី២ ក្នុងតារាង Premier League តាមពីក្រោយក្រុមកំពូលតារាង Manchester City ចំនួន ៩ពិន្ទុ៕