(ម៉ាណាម៉ា)៖ យុទ្ធនាការប្រណាំងរថយន្ត Bahrain Grand Prix នឹងបន្តស្ថិតនៅក្នុងប្រតិទិន Formula One រហូតដល់យ៉ាងហោចណាស់ឆ្នាំ២០៣៦ ដែរ នេះបើតាមសម្តីប្រធានប្រតិបត្តិ F1 បានលើកឡើងនៅថ្ងៃសុក្រក្នុងកិច្ចព្រមព្រៀងមួយ ដែលធានាពីអនាគតដ៏វែងឆ្ងាយ នៃព្រឹត្តិការណ៍ប្រណាំងរថយន្តលំដាប់ពិភពលោកនេះ។

យោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា ប្រទេសដែនកោះស្ថិតនៅឈូងសមុទ្រ Persian Gulf ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះលើកដំបូងកាលពីឆ្នាំ២០០៤ នោះគ្រោងនឹងធ្វើជាម្ចាស់ផ្ទះការប្រណាំងបើករដូវកាលក្នុងឆ្នាំនេះនៅថ្ងៃទី២០ ខែមីនាខាងមុខ ខណៈក៏ធ្លាប់បានធ្វើជាម្ចាស់ផ្ទះការប្រកួតជុំដំបូងកាលពីឆ្នាំមុនផងដែរ។

«ខ្ញុំរីករាយដែលយើងនឹងប្រណាំងនៅឯទីលាន Bahrain International Circuit រហូតដល់ឆ្នាំ២០៣៦» នេះបើតាមសម្តីលោក Stefano Domenicali ប្រធានប្រតិបត្តិ F1 នៅក្នុងសេចក្តីថ្លែងការណ៍៕