(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) សម្រេចបង្ហាញចេញនូវបញ្ជីឈ្មោះកីឡាករ ២៨នាក់ផ្លូវការ ដើម្បីត្រៀមប្រជែងក្នុងយុទ្ធនាការពានរង្វាន់ AFF U23 Championship 2022 ដែលស្ថិតក្នុងពូល A ក្រុមគោព្រៃជំទង់កម្ពុជា ត្រូវប្រកួតដំបូងប៉ះព្រុយណេ នាថ្ងៃទី១៤ ខែកុម្ភៈ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

នេះជាបញ្ជីឈ្មោះកីឡាករ ២៨នាក់ចុងក្រោយដែលចេញនៅថ្ងៃទី១២ ខែកុម្ភៈនេះ ដើម្បីចូលរួមប្រកួតពាន AFF U23 Championship 2022។ ចាប់ពីថ្ងៃទី១៤-២៦ ខែកុម្ភៈខាងមុខនៅពហុកីឡដ្ឋានជាតិមរតកតេជោ និងកីឡដ្ឋានព្រីនស៍ ដែលគោព្រៃជំទង់កម្ពុជា ស្ថិតក្នុងពូល A ជាមួយហ្វីលីពីន ទីម័រខាងកើត និងព្រុយណេ។ រីឯពូល B នៅសល់ ៣ក្រុមប៉ុណ្ណោះ បន្ទាប់ពីឥណ្ឌូនេស៊ីដកខ្លួន គឺមានម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ ខណៈពូល C មានវៀតណាម ថៃ និងសិង្ហបុរី៕