(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានប្រកាសខ្សែប្រយុទ្ធដ៏មានសក្ដានុពលរបស់ក្រុមជម្រើសជាតិកម្ពុជា លឹម ពិសុទ្ធ មិនបានចូលរួមជួយក្រុម U23 កម្ពុជា ក្នុងយុទ្ធនាការប្រកួតពានរង្វាន់ AFF U23 Championship 2022 នៅកម្ពុជានោះទេ ដោយសាររបួសជង្គង់ អំឡុងពេលហ្វឹកហាត់ ខណៈការប្រកួតនៅសល់តែ ២ថ្ងៃទៀតប៉ុណ្ណោះ។

ប្រភពខាងលើបានបញ្ជាក់ថា «កំឡុងពេលធ្វើការប្រមូលផ្ដុំហ្វឹកហាត់ពីថ្ងៃទី០២ ខែកុម្ភៈមក ក្រុមការងាររបស់ក្រុមជម្រើសជាតិ បានសង្កេតឃើញថា ពិសុទ្ធ មានបញ្ហារបួសត្រង់ជង្គង់ ដែលជារបួសចាស់ ហេតុដូច្នេះក្រុមការងារក៏បានសម្រេចចិត្តធ្វើការពិនិត្យជង្គង់របស់គាត់តាមរយៈ (MRI Scan)។ ក្រោយការពិនិត្យ និងយោងតាមស្ថានភាពជង្គង់របស់ពិសុទ្ធ អ្នកចាត់ការទូទៅលោក Keisuke Honda បានសម្រេចឲ្យពិសុទ្ធសម្រាកព្យាបាលជៀសវាងរបួសនេះកាន់តែរ៉ាំរ៉ៃ ហើយបង្កឲ្យមានភាពធ្ងន់ធ្ងរប៉ះពាល់ដល់អាជីពជាកីឡាកររបស់ខ្លួន»

ការប្រកាសអវត្តមានរបស់ខ្សែប្រយុទ្ធវ័យក្មេងមកពីក្លិបភ្នំពេញក្រោនរូបនេះ បានធ្វើឲ្យអ្នកគាំទ្រមានការសោកស្ដាយជាខ្លាំង។ មួយរយៈពេលចុងក្រោយនេះ រាល់បេសកកម្មរបស់ក្រុមជម្រើសជាតិកម្ពុជា មិនថាក្រុមធំ ឬយុវជននោះទេ លឹម ពិសុទ្ធ តែងទទួលបានសេចក្ដីទុកចិត្តពីគ្រូបង្វឹក ពិសេសលោក Keisuke Honda ក្នុងការកោះហៅរូបគេជួយក្រុម ហើយគេតែងបង្ហាញនូវគុណភាពដ៏ល្អលើទីលាន រហូតទទួលបានការកោតសរសើរពីគ្រប់មជ្ឈដ្ឋានទៀតផង។

តាមគម្រោងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ត្រូវប្រកាសបញ្ជីឈ្មោះកីឡាករ ២៨នាក់ចុងក្រោយ នៅថ្ងៃទី១២ ខែកុម្ភៈនេះ ដើម្បីចូលរួមប្រកួតពានរង្វាន់ AFF U23 Championship 2022 ចាប់ពីថ្ងៃទី១៤-២៦ ខែកុម្ភៈខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងកីឡដ្ឋានព្រីនស៍ ដែលក្រុមគោព្រៃជំទង់កម្ពុជា ស្ថិតក្នុងពូល A ជាមួយហ្វីលីពីន ទីម័រខាងកើត និងព្រុយណេ។ រីឯពូល B នៅសល់ ៣ក្រុមប៉ុណ្ណោះ បន្ទាប់ពីឥណ្ឌូនេស៊ីដកខ្លួន គឺមានម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ ខណៈពូល C មានវៀតណាម ថៃ និងសិង្ហបុរី៕