(ភ្នំពេញ)៖ ក្រុមហ៊ុន អេសស៊ីជី ប្រចាំកម្ពុជា តាមរយៈបុត្រសម្ព័ន្ធរបស់ខ្លួន គឺក្រុមហ៊ុន កំពត ស៊ីមេន នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បានចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នា ជាមួយនឹងសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) សម្រាប់ការសិក្សាទិន្នន័យមូលដ្ឋានជីវចម្រុះ នៅតំបន់ការដ្ឋានយកថ្មកំបោររបស់

រោងចក្រក្រុមហ៊ុន កំពត ស៊ីមេន ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការស្ដារបរិស្ថាន និងអភិរក្សជីវចម្រុះនៅតំបន់ទាំងនោះ នាពេលអនាគត។

នៅក្រោមកិច្ចព្រមព្រៀងនេះ មជ្ឈមណ្ឌលសិក្សាកសិកម្ម និងបរិស្ថាន (CAES) របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម នឹងអនុវត្តការសិក្សាទិន្នន័យមូលដ្ឋានជីវចម្រុះ នៅទីតាំងគម្រោងយកថ្មកំបោរដែលគ្រប់គ្រងដោយរោងចក្រស៊ីម៉ងត៍ កំពត ស៊ីមេន នៅក្នុងខេត្តកំពត ដើម្បីប្រមូលទិន្នន័យមូលដ្ឋាន សម្រាប់បម្រើដល់ការ អនុវត្តការងារស្ដារបរិស្ថាន និងអភិរក្សជីវចម្រុះនៅតាមតំបន់គម្រោងទាំងនេះ នៅពេលខាងមុខ។

នៅឯពិធីចុះហត្ថលេខា លោកបណ្ឌិត រ៉ាត់ឆាយុត កាសេមឆៃសិរី នាយកក្រុមហ៊ុន អេសស៊ីជី ប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ សាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលបានជ្រោមជ្រែងឲ្យឈានដល់កិច្ចព្រមព្រៀងមួយនេះ។

លោកបណ្ឌិត រ៉ាត់ឆាយុត កាសេមឆៃសិរី បានថ្លែងយ៉ាងដូច្នេះថា «ទិន្នន័យមូលដ្ឋានដែលនឹងបានពីការសិក្សាស្រាវជ្រាវនេះ មានសារសំខាន់ណាស់សម្រាប់ការងារ ស្តារតំបន់យកថ្មកំបោរ និងការអភិរក្សជីវចម្រុះ នៅឯរោងចក្រស៊ីម៉ងត៍ កំពត ស៊ីមេន ដែលជាផ្នែកស្នូលមួយនៃគោលការណ៍អភិវឌ្ឍន៍ប្រកបដោយចិរភាព ដែលក្រុមហ៊ុន អេសស៊ីជី តែងតែអនុវត្តខ្ជាប់ខ្ជួនចំពោះអាជីវកម្មរបស់យើង»

លោកបណ្ឌិត រ៉ាត់ឆាយុត បានបន្ថែមថា «ទិន្នន័យមូលដ្ឋាននេះ ក៏នឹងផ្ដល់នូវគោលការណ៍ណែនាំ និងគំរូសម្រាប់ការស្ដារទីតាំងតំបន់យកថ្ម និងអភិរក្សបរិស្ថាន និងជីវចម្រុះនៅជុំវិញផងដែរ»

លោកបណ្ឌិត ង៉ោ ប៊ុនថាន សាកលវិទ្យាល័យធិការ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក៏បានសម្ដែងការអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យនិងក្រុមហ៊ុន អេសស៊ីជី ផងដែរ ដោយថាគម្រោងសិក្សាស្រាវជ្រាវមួយនេះ ជាផ្នែកមួយនៃយុទ្ធសាស្ត្ររយៈពេលវែងរបស់សាកលវិទ្យាល័យ។

លោកបណ្ឌិត ង៉ោ ប៊ុនថាន បានថ្លែងយ៉ាងដូច្នេះថា «ជាផ្នែកនៃយុទ្ធសាស្ត្ររបស់សាកលវិទ្យាល័យ យើងនឹងធ្វើកិច្ចសហប្រតិបត្តិការ ជាមួយវិស័យឯកជន លើការងារសិក្សាស្រាវជ្រាវកសិកម្ម និងបរិស្ថានឲ្យបានច្រើន ដើម្បីផ្ដល់ជាប្រយោជន៍ ដល់ការអភិវឌ្ឍប្រកបដោយចិរភាពនៅកម្ពុជា»

សូមបញ្ជាក់ថា ការសិក្សាដែលនឹងមានរយៈពេល១ឆ្នាំ គិតពីថ្ងៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះទៅ នឹងធ្វើឡើងនៅទីតាំងយកថ្មកំបោរ ដែលស្ថិតនៅជាប់នឹងរោងចក្រ កំពត ស៊ីមេន ស្ថិតនៅចម្ងាយជាង៤គីឡូម៉ែត្រ ខាងលិចទីរួមស្រុកបន្ទាយមាស ខេត្តកំពត៕