(មេនឆេស្ទើ)៖ តំបន់ប្រយុទ្ធកំពុងមានបញ្ហា ជំរុញឲ្យក្លិបបិសាចក្រហម Manchester United ត្រូវបានខ្សែប្រយុទ្ធបន្ថែមទៀតសម្រាប់កាលក្រោយទៅ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក Ralf Rangnick អ្នកចាត់ការទូទៅបណ្តោះអាសន្នថ្លែងប្រាប់ BBC នៅថ្ងៃនេះ។

ថ្មីៗនេះដែរ United ខកខានឱកាសមាសជាច្រើនពីការរកគ្រាប់បាល់នៅពេលលេងស្មើ ១-១ ទល់នឹងម្ចាស់ផ្ទះ Burnley នៅ Premier League និងជ្រុះចេញពីពាន FA Cup ក្រោមថ្វីជើងរបស់ Middlesbrough នៅពេល Cristiano Ronaldo ស្ថិតក្នុងភាពមិនច្បាស់សម្រាប់អនាគតនៅទឹកដី Old Trafford នារដូវកាលក្រោយ គ្រាដែលកិច្ចសន្យារបស់ Edinson Cavani នឹងផុតកំណត់នៅបំណាច់រដូវកាលឆ្នាំ២០២១-២០២២ និង Mason Greenwood មិនអាចចូលលេងបាន។

តែយ៉ាងណា ក្លិបជើងខ្លាំងប្រចាំទីក្រុង Manchester នៃប្រទេសអង់គ្លេសមួយនេះ ក៏បានទន្ទឹងចាំការផ្លាស់ប្តូរមួយចំពោះខ្សែប្រយុទ្ធអន្តរជាតិន័រវេស Erling Haaland ដ្បិតជម្រើសយកលោក Mauricio Pochettino មកធ្វើជាគ្រូបង្វឹកពេញសិទ្ធិ ក៏នឹងជំរុញឲ្យ Harry Kane របស់ Tottenham Hotspur ផ្លាស់មកចូលរួមជាមួយ United ដែរ។

លើសពីនេះទៀត លោក Rangnick ក៏បានមើលឃើញខ្សែប្រយុទ្ធ Lautaro Martinez របស់ Inter Milan និង Alexander Isak នៃក្លិប Real Sociedad រួមទាំងខ្សែប្រយុទ្ធ Patrik Schick របស់សាធារណរដ្ឋឆេកទៀតផង៕