(ភ្នំពេញ)៖ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិក និងជាប្រធាន KW Cambodia បានបង្ហាញក្ដីរំពឹងយ៉ាងមុតមាំ ក្នុងការទាក់ទាញអ្នកវិនិយោគទុនបរទេសមកវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជាកាន់តែច្រើន ក្រោយសហការជាមួយក្រុមហ៊ុន BIC Trust ដែលជាក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណ ដើម្បីឈរឈ្មោះតំណាងឲ្យជនបរទេស ក្នុងការទិញ និងកាន់កាប់អចលនទ្រព្យដោយស្របច្បាប់នៅកម្ពុជា។
ការបង្ហាញនូវសុទិដ្ឋិនិយមនេះ បន្ទាប់ពីក្រុមហ៊ុន KW Khmer Real Estate និងក្រុមហ៊ុន BIC Trust បានចុះអនុសារណៈយោគយល់គ្នា(MOU) នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
អ្នកជំនាញដ៏ចាស់វស្សាក្នុងវិស័យដីធ្លីខាងលើ បានគូសបញ្ជាក់ថា កន្លងមកមានអ្នកវិនិយោគទុនបរទេសមួយចំនួន ចង់មកបោះទុករកស៊ីនៅខ្មែរ តែបញ្ហានៅត្រង់ថា តើធ្វើដូចម្ដេច ទើបពួកគេអាចកាន់កាប់អចលនទ្រព្យបាន? ដូច្នេះលោកសង្ឃឹមថា BIC Trust នឹងអាចដោះស្រាយបញ្ហានេះបាន ដើម្បីផ្ដល់ភាពកក់ក្ដៅ ក្នុងការកៀគរ និងទាក់ទាញវិនិយោគទុនបរទេសមកធ្វើការវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត។
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បន្ដថា «អ្វីដែលយើងរំពឹង គឺក្រោយចុះ MOU នេះហើយ យើងនឹងជំរុញសេវាកម្មហ្នឹងឲ្យខ្លាំង ហើយយើងនឹងសហការជាមួយដៃគូ KW របស់យើងជាង ៥២ប្រទេសលើពិភពលោក ដើម្បីនាំអ្នកវិនិយោគទុនកាន់តែច្រើនចូលមកវិនិយោគលើវិស័យដីធ្លី និងវិស័យផ្សេងៗនៅកម្ពុជា តាមរយៈការប្រើប្រាស់ទំនាក់ទំនង KW អន្ដរជាតិ និងសេវាកម្ម BIC Trust»។
លោកបន្ថែមទៀត សេវាកម្មរបស់ក្រុមហ៊ុនខាងលើ ស័ក្ដិសមបំផុត សម្រាប់អ្នកវិនិយោគបរទេសលក្ខណៈបុគ្គល និងគ្រួសារ ដែលចង់វិនិយោគក្នុងរង្វង់ទឹកប្រាក់ចាប់ពី ៥ម៉ឺន ឬ ១០ម៉ឺនដុល្លារឡើងទៅ ។ ហេតុនេះ លោកបានលើកទឹកចិត្តឲ្យអ្នកវិនិយោគទាំងនោះ ប្រើប្រាស់សេវាកម្មនេះ ដើម្បីទទួលបានភាពកក់ក្ដៅ និងស្របច្បាប់ ចៀសវាងនូវបញ្ហាវិវាទផ្សេងៗ ពិសេសក្រោយតម្លៃអចលនាទ្រព្យឡើងថ្លៃ។
លោក ឃីម ច័ន្ទដារ៉ា ប្រធាននាយកប្រតិបត្តិ BIC Trust បានលើកឡើងថា ក្រោយទទួលបានអាជ្ញាប័ណ្ឌត្រឹមត្រូវពីរដ្ឋ ក្រុមហ៊ុនរបស់ខ្លួន កំពុងសម្រួចចក្ខុវិស័យពង្រីកខ្លួនឲ្យកាន់តែខ្លាំង ទាំងលើឆាកជាតិ និងអន្ដរជាតិ តាមរយៈការចុះ MOU ជាមួយក្រុមហ៊ុនអចលនទ្រព្យធំៗនៅកម្ពុជា ដើម្បីបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមកលើទិដ្ឋភាពច្បាប់ ពិសេសសម្រាប់អតិថិជនបរទេស ដែលមានបំណងចង់មកវិនិយោគនៅកម្ពុជាតែម្ដង។
លោកថា «នេះគឺជាយន្ដការមួយ ដែលពួកយើងអាចទាញប្រយោជន៍មកឲ្យសង្គមជាតិយើងបានច្រើន ដោយការទាក់ទាញជនបរទេស ដែលមានធនធាន មកវិនិយោគក្នុងស្រុកខ្មែរ ដែលជាប្រយោជន៍ បន្ទាប់ពីការទិញហើយ ពួកគាត់អាចវិនិយោគបន្ថែម ដូចជាការសាងសង់ ដូចជាការចាក់បញ្ចូលនូវចរន្ដមួយចំនួនក្នុងដីធ្លីរបស់គាត់ ដូចជាក្រុមហ៊ុន ឬការសាងសង់ផ្សេងៗជាដើម ដែលធ្វើឲ្យសេដ្ឋកិច្ចជាតិរបស់យើងកាន់តែរីកចម្រើន»៕