(បរទេស)៖ កាសែត Wall Street Journal បានរាយការណ៍នៅថ្ងៃសុក្រថា ក្រុមហ៊ុនផលិតឧបករណ៍បណ្តាញ Cisco Systems Inc បានធ្វើសំណើទិញយក Splunk Inc នៅក្នុងតម្លៃជាង ២០ពាន់លានដុល្លារអាមេរិក។
នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២។
សម្រាប់ការផ្តល់ជូននេះបានធ្វើឡើងក្នុងពេលថ្មីៗនេះ ហើយក្រុមហ៊ុនទាំងពីរខាងលើមិនបានស្ថិតក្នុងការពិភាក្សាសកម្មនោះទេ។
ដោយឡែកកាលពីខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ ក្រុមហ៊ុន Splunk ដែលមានមូលដ្ឋាននៅទីក្រុង San Francisco បានប្រកាសថា លោក Doug Merritt បានលាលែងពីតំណែងជានាយកប្រតិបត្តិ (CEO) ហើយបានបន្តទៀតថា ប្រធានក្រុមហ៊ុនលោក Graham Smith នឹងក្លាយជានាយកប្រតិបត្តិ (CEO) បណ្តោះអាសន្នជំនួសវិញ។ សម្រាប់ការលាលែងពីតំណែងរបស់នាយកប្រតិបត្តិរូបនេះក្រុមហ៊ុនខាងលើមិនបានធ្វើការអត្ថាធិប្បាយលម្អិតនោះទេ។
គួរជម្រាបដែរថា Splunk បានបង្កើតឡើងតាំងពីឆ្នាំ ២០០៣ មកម្លេះហើយក្រុមហ៊ុនផ្តល់ដំណោះស្រាយកម្មវិធីនេះមានមូលធនប័ត្រទីផ្សាររហូតដល់ទៅ ១៨.២ពាន់លានដុល្លារអាមេរិកឯណោះ៕