(អាមេរិក)៖ ក្រុមហ៊ុន Apple ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៧៦ ដោយលោក Steve Jobs និង Steve Wozniak ដែលអ្នកទាំងពីរគឺជាមិត្តភ័ក្តិដ៏ល្អបំផុត។ Steve Jobs មិនចេះសរសេរកូដ ឬកម្មវិធីកុំព្យូទ័រនោះទេ ប៉ុន្តែគាត់មានជំនាញខាង អាជីវកម្ម ខណ:ដែល Steve Wozniak គឺមានជំនាញខាងផ្នែកវិស្វកម្ម។
លោក Mike Markkula ដែលជាអ្នកវិនិយោគទុនដំបូងគេបំផុតរបស់ Apple បានគិតថា Steve Jobs និង Steve Wozniak មិនអាចដឹកនាំក្រុមហ៊ុនឱ្យដើរទៅមុនបាននោះទេ ដូច្នេះហើយគឺមិនអនុញ្ញាតឱ្យ Steve Jobs ឡើងកាន់តំណែងជានាយកប្រតិបត្តិ (CEO) ឬប្រធានក្រុមប្រឹក្សាភិបាលឡើយ រហូតដល់ ដកការងារមួយចំនួនចេញពី Steve Jobs ដែលជាមូលហេតុធ្វើឱ្យគាត់សម្រេចចិត្តចាកចេញពី Apple។
មូលហេតុដែលលោក Mike Markkula ឬក្រុមប្រឹក្សាភិបាល Apple មិនចង់ឱ្យ Steve Jobs ឡើងកាន់តំណែងធំនោះ ក៏ព្រោះតែគាត់ជាមនុស្សឆេវឆាវ និងរឹងរុះ ហើយបើយោងតាមឯកសារមួយចំនួនទៀតបានឱ្យដឹងថា Steve បានធ្វើឱ្យបែកធ្លាយឯកសារព័ត៌មានសម្ងាត់មួយចំនួនរបស់ក្រុមហ៊ុន។ នៅពេលដែល Steve Jobs ចាកចេញពី Apple ត្រូវបានមនុស្សគ្រប់គ្នា ឬមហាជន ដឹងលឺថា គាត់ត្រូវបាន Apple បណ្ដេញចេញ តែធាតុពិតទៅគឺគាត់បានសម្រេចចិត្តចាកចេញដោយខ្លួនឯង និងក្រោយមកទើប Apple ប្រកាសជាផ្លូវការថាគាត់ត្រូវបានបណ្ដេញចេញពីក្រុមហ៊ុន។
ក្រោយពេលចាកចេញពី Apple, លោក Steve Jobs បានទៅបង្កើតក្រុមហ៊ុនកុំព្យូទ័រមួយដែលមានឈ្មោះថា NeXT Computer និងទទួលបានជោគជ័យខ្លាំងនៅលើទីផ្សារ ព្រមទាំងបានបង្កើតក្រុមហ៊ុនមួយបន្ថែមទៀតគឺ Pixar ដែលសហការផលិតភាពយន្តគំនូរជីវចលរឿង Toy Story ជាមួយនឹង Disney។
អំឡុងពេលអវត្តមានរបស់លោក Steve Jobs, ក្រុមហ៊ុន Apple បានដំណើរការឆ្ពោះទៅមុនជាធម្មតា ប៉ុន្តែក្រោយមកក៏បានជួប នូវបញ្ហាដោយសារការលក់ផលិតផលមិនសូវដាច់ ខណ:ដែលដៃគូប្រកូតប្រជែងក៏មានកាន់តែច្រើន។ ក្រុមប្រឹក្សាភិបាល Apple បានសម្រេចចិត្តហៅ លោក Steve Jobs ឱ្យត្រឡប់មកដឹកនាំក្រុមហ៊ុន Apple វិញ។
នៅឆ្នាំ១៩៩៦ ក្រុមហ៊ុន Apple បានប្រកាសទិញយកក្រុមហ៊ុន NeXT ក្នុងតម្លៃ ៤២៧លានដុល្លារ និងផ្ដល់ជូនហ៊ុនរបស់ Apple ចំនួន ១,៥លានហ៊ុន ដោយនៅពេលនេះ បានផ្ដល់តំណែងឱ្យ លោក Steve Jobs ជាទីប្រឹក្សា និងបានសន្យា យក ប្រព័ន្ធប្រតិបត្តិការរបស់ NeXT មករួមបញ្ចូលជាមួយនឹង Apple។
នៅក្នុងអំឡុងឆ្នាំ ១៩៩៧ លោក Steve Jobs ត្រូវបាន Apple តែងតាំងជានាយកប្រតិបត្តិស្ដីទី ហើយនៅឆ្នាំ ២០០០ ក្រុមហ៊ុន Apple បានប្រកាសថា លោក Steve Jobs បានក្លាយជានាយកប្រតិបត្តិអចិន្ត្រៃយ៍។
ចាប់តាំងពី Steve Jobs បានត្រឡប់មកដឹកនាំក្រុមហ៊ុនវិញ គឺបានធ្វើឱ្យ Apple ទទួលបានជោគជ័យយ៉ាងខ្លាំង មិនថាការចេញ លក់នូវផលិតផលថ្មី និងសេវាកម្មនោះទេ គឺសុទ្ធតែបានបង្កើនប្រាក់ចំណូលពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែគួរឱ្យស្ដាយដែលនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១១ លោកបានទទួលមរណភាព ដោយសារជំងឺរលាកលំពែង៕