(ភ្នំពេញ)៖ បុគ្គលិកវីងស្ម័គ្រចិត្តបរិច្ចាគឈាមក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ដើម្បីអំពាវនាវដល់សាធារណជនឲ្យបរិច្ចាគឈាម បន្ទាប់ពីមានការថយចុះយ៉ាងខ្លាំងនៃការបរិច្ចាគ ដោយសារការភ័យខ្លាចនៃជំងឺរាតត្បាត។

ខណៈដែលពិភពលោកកំពុងប្រារព្ធទិវានៃក្តីស្រឡាញ់ ក្រុមហ៊ុន វីង បានរៀបចំយុទ្ធនាការបរិច្ចាគឈាមក្នុងចំណោមបុគ្គលិករបស់ខ្លួន ដែលមកពីបណ្តាញអាជីវកម្មផ្សេងៗ រួមមាន៖ ធនាគារ វីង ក្រុមហ៊ុនវីងម៉ល និង ក្រុមហ៊ុន វីង ម៉ាន់ នី ក្រោមប្រធានបទ៖ «ចែករំលែកក្តីស្រលាញ់ បរិច្ចាគឈាម»។

លោក វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌល ជាតិផ្តល់ឈាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនវីង និងបុគ្គលិកទាំងអស់ ដែលបានស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះកិច្ចការសង្គម។ លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានថ្លែងថា «សកម្មភាពរបស់អ្នកទាំងអស់គ្នាគឺពិតជាការរួមចំណែកដ៏អស្ចារ្យដល់សហគមន៍ និងបង្កើតការលើកទឹកចិត្តដល់សាធារណជនឲ្យចូលរួមបរិច្ចាគឈាមបន្ថែមទៀត»

លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានបន្ថែមថា៖ «ជំងឺរាតត្បាតកូវីដ ១៩ បានបង្កឲ្យមានកង្វះខាតការបរិច្ចាគឈាមយ៉ាងខ្លាំងនៅកម្ពុជា។ ការផ្គត់ផ្គង់ឈាមគឺមានតំរូវការជាប្រចាំ ព្រោះការរក្សាទុកឈាមមុនពេលប្រើប្រាស់ គឺមានរយៈពេលកំណត់»

ការបរិច្ចាគឈាមនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាមក្នុងរាជធានីភ្នំពេញបានធ្លាក់ចុះ ១១ភាគរយ ក្នុងអំឡុងពេលប្រាំមួយខែចុងក្រោយនៃឆ្នាំ២០២១ ដោយសារតែសាធារណជនមានការភ័យខ្លាចពីជំងឺរាតត្បាត ។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃក្រុមហ៊ុនវីង បានអំពាវនាវ ដល់សាធារណជន ឲ្យចូលរួម បរិច្ចាគឈាម ដើម្បីជួយ ដល់សហគមន៍។ លោក ម៉ានូ រ៉ាចាន់ ថ្លែងថា «ឈាម គឺជាអំណោយ ដ៏មានតម្លៃបំផុត ដែលអ្នកណា ក៏អាចផ្តល់ឲ្យ អ្នកដទៃ បានដែរ វាគឺ ជាអំណោយ នៃជីវិត។ ការសម្រេចចិត្តបរិច្ចាគឈាម របស់លោកអ្នកអាចជួយជីវិតមនុស្សម្នាក់បាន។ បើលោកអ្នក ចង់ចែករំលែក សេចក្ដីស្រឡាញ់ ដោយគ្មានលក្ខខណ្ឌ សូមចូលរួមបរិច្ចាគ ឈាម»

កម្មវិធីបរិច្ចាគឈាមនេះ ត្រូវធ្វើឡើងនៅទីស្នាក់ការរបស់វីង ក្នុងរាជធានីភ្នំពេញ តាមអនុវត្តតាមអនុសាសន៍ របស់សម្តេចតេជោអំពី «៣កុំ និង៣ការពារ» ក៏ដូចជាការណែនាំពីក្រសួងសុខាភិបាល ដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត។

លោក ឡៅ សៀងហៃ នាយកធនធានមនុស្សនៃ ក្រុមហ៊ុន វីង ថ្លែងថា «ខ្ញុំសូមអរគុណដល់បុគ្គលិកទាំងអស់របស់វីងដែលបានចូលរួមក្នុងកម្មវិធីសប្បុរសធម៌នេះ ដោយចូលរួមបរិច្ចាគឈាមនៅថ្ងៃនេះ។ ការចូលរួមចំណែករបស់អ្នកទាំងអស់គ្នាមានន័យខ្លាំងណាស់ចំពោះសហគមន៍របស់យើង ជាពិសេសអ្នកជំងឺដែលត្រូវការឈាមជាបន្ទាន់»

កញ្ញា ម៉េង មុនិសិរី បុគ្គលិកផ្នែកហិរញ្ញវត្ថុ នៃធនាគារ វីង បានបរិច្ចាគឈាមក្នុងកម្មវិធីនេះ។ កញ្ញា ម៉េង មុនិសិរី បានឲ្យដឹងថា៖ «សូមកុំស្ទាក់ស្ទើរក្នុងការបរិច្ចាគឈាមឲ្យសោះ។ វា ជាសកម្មភាពមួយ ដែល អាចជួយសង្គ្រោះ ជីវិតមនុស្សបាន។ ខ្ញុំ រីករាយ ដែលខ្ញុំអាច ធ្វើកិច្ចការ ដើម្បីគាំទ្រ សហគមន៍។ បើលោកអ្នក ចង់ចែក រំលែក ក្ដី ស្រឡាញ់ របស់អ្នក សូមចូលរួមបរិច្ចាគឈាម»

ការបរិច្ចាគឈាមមិនត្រឹមតែជួយអ្នកជំងឺដែលត្រូវការជំនួយប៉ុណ្ណោះទេ ថែមទាំងផ្តល់អត្ថប្រយោជន៍ដល់សុខភាពអ្នកបរិច្ចាគផងដែរ។ ការបរិច្ចាគឈាម អាចជួយឲ្យសរសៃឈាមបេះដូងល្អប្រសើរជាងមុន និងកាត់បន្ថយការធាត់។ បន្ទាប់ពីការបរិច្ចាគឈាម រាងកាយធ្វើការដើម្បីបំពេញការបាត់បង់ឈាម ដែលនឹងជំរុញការផលិតកោសិកាឈាមថ្មី និងជួយរក្សាសុខភាពល្អ៕