(ភ្នំពេញ)៖ តារាចម្រៀងល្បីឈ្មោះ លោក ឆន សុវណ្ណារាជ ត្រូវបានគេដឹងថា ជាតារាមួយរូបដែលមានទឹកចិត្តកតញ្ញូយ៉ាងខ្លាំងចំពោះម្តាយ ពោលគឺជារៀងរាល់ឆ្នាំ ឲ្យតែដល់ថ្ងៃបុណ្យទិវានៅក្តីស្រឡាញ់ លោកតែងតែមានកាដូជាច្រើន ជូនអ្នកម្តាយ ដើម្បីបង្ហាញទឹកចិត្តគោរពស្រឡាញ់ និងដឹងគុណ។ តែយ៉ាងណា ឆ្នាំនេះខុសពីឆ្នាំមុនៗ ត្បិតម្តាយរបស់លោកបានលាចាកលោកនេះ ទៅកាន់លោកខាងមុខហើយ តែយ៉ាងណាតារាចម្រៀង ឆន សុវណ្ណារាជ នៅតែជូនបាច់ផ្តាដល់ម្តាយ តាមរយៈការឧទ្ទិលថ្វាយនៅមុខរូបថត ក្នុងថ្ងៃទិវានៃក្តីស្រឡាញ់នេះ។
ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដែលជាថ្ងៃទិវានៃក្តីស្រឡាញ់ លោក ឆន សុវណ្ណារាជ បានបង្ហោះរូបភាពជាច្រើនសន្លឹកអមដោយពាក្យពេចន៍ក្នុងចិត្តថា «រីករាយថ្ងៃបុណ្យនៃក្តីស្រលាញ់អ្នកម្តាយរបស់កូនអើយ ទោះឆ្នាំនេះមិនដូចឆ្នាំមុនៗ ក៏កូននៅតែធ្វើសម្រាប់ម៉ាក់ដដែល ទោះម៉ាក់នៅឆ្ញាយទៅដល់ឋានសួគ៌ក៏ដោយ តែម៉ាក់ស្ថិតនៅក្នុងបេះដូងកូនប្រុសម្នាក់នេះជារៀងរហូត នៅលើលោកនេះកូនស្រលាញ់ម៉ាក់ជាងគេ Love you mum»។
សូមបញ្ជាក់ថា ម្ដាយបង្កើតរបស់តារាចម្រៀង ឆន សុវណ្ណារាជ បានលាចាកលោកនេះ កាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៣ខែឧសភា ឆ្នាំ២០២១ ដោយសាររោគលើសឈាម និងជំងឺគាំងបេះដូង។ បន្ទាប់ពីអ្នកម្ដាយបានបាត់បង់ជីវិត ភ្លាមៗនោះគេសង្កេតឃើញតារាចម្រៀង ឆន សុវណ្ណារាជ បានសម្រេចចិត្តសាងផ្នួសសងគុណម្ដាយ រយៈពេលមួយសប្ដាហ៍ ហើយបានធ្វើការលាចាកសិក្ខាបទវិញ។ បច្ចុប្បន្ននេះ ត្បិតបានឃ្លាតឆ្ងាយតែលោក ឆន សុវណ្ណារាជ ត្រូវបានគេដឹថា នៅតែនឹកនាដល់ម្តាយជានិច្ច៕