(ភ្នំពេញ)៖ អ្នកគាំទ្រក្រុមគោព្រៃកម្ពុជា បានបង្ហាញក្តីសង្ឃឹមខ្ពស់ទៅកាន់ក្រុមម្ចាស់ផ្ទះកម្ពុជា U23 នឹងឈ្នះការប្រកួតបើកឆាកពានរង្វាន់ AFF U23 Championship 2022 ដែលធ្វើឡើងនៅម៉ោង ០៧៖០០នាទីនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលត្រូវប៉ះក្រុមប្រ៊ុយណេ ដែលស្ថិតក្នុងពូល A នាថ្ងៃទី១៤-២៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

អ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំងចំពោះយុទ្ធនាការប្រកួតពាន AFF U23 Championship 2022 នៅកម្ពុជា ហើយក៏មានសេចក្តីរំភើបជាខ្លាំងចំពោះការទទួលបានកីឡាដ្ឋានជាតិមរតកតេជោ ដែលជាកីឡដ្ឋានថ្មីមួយទៀតបន្ទាបពីកីឡដ្ឋានជាតិអូឡាំពិក។

បញ្ជាក់ផងថា នេះជាការចាប់ផ្ដើមការប្រកួតថ្ងៃបើកឆាកដំបូងចាប់ពីថ្ងៃទី១៤-២៦ ខែកុម្ភៈ ឆ្នាំ២០២២ ដោយប្រើប្រាស់ទីលានប្រកួត ២ គឺពហុកីឡដ្ឋានជាតិមរតកតេជោ និងកីឡដ្ឋានព្រីនស៍។ ខណៈយុទ្ធនាការនេះ ក្រុមគោព្រៃជំទង់កម្ពុជា ស្ថិតក្នុងពូល A ជាមួយហ្វីលីពីន ទីម័រខាងកើត និងប្រ៊ុយណេ ខណៈពូល B នៅសល់ ៣ក្រុមប៉ុណ្ណោះ ក្រោយឥណ្ឌូនេស៊ីដកខ្លួន រួមមានម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ ។ ឯពូល C មានថៃ វៀតណាម និងសិង្ហបុរី៕