(ភ្នំពេញ)៖ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក ម៉ាសាហ៉ីរ៉ូ មីកាមី បានទៅទស្សនាផ្ទាល់ការប្រកួតលើកទី១ នៃក្រុមជម្រើសជាតិកម្ពុជា ក្នុងការប្រកួតបាល់ទាត់ជើងឯកអាស៉ីអាគ្នេយ៍យុវជនអាយុក្រោម ២៣ឆ្នាំ ពេលកម្ពុជាបំបាក់ប្រុយណេដោយលទ្ធផល ៦-០ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ ដែលបានធ្វើឡើងនៅល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។

លោក ម៉ាសាហ៉ីរ៉ូ មីកាមី បានថ្លែងថា បាល់ទាត់ គឺជាវិស័យមួយដែលគួរឱ្យកត់សម្គាល់បំផុតនៃការផ្លាស់ប្តូរប្រជាជនជប៉ុន និងកម្ពុជា។ នេះបើតាមការផ្សាយ តាមរយៈ Facebook ស្ថានទូតជប៉ុនប្រចាំកម្ពុជានៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។

Facebook ស្ថានទូតជប៉ុននៅកម្ពុជាបានស្រង់សម្តីរបស់លោក ម៉ាសាហ៉ីរ៉ូ មីកាមី យ៉ាងដូច្នេះថា «យើងពិតជាមាន ក្តីរំភើបចំពោះការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា។ បាល់ទាត់ គឺជាវិស័យមួយដែលគួរឱ្យកត់សំគាល់បំផុតនៃការផ្លាស់ប្តូរប្រជាជនរវាងប្រទេសជប៉ុន និងកម្ពុជា»។

លោកបន្តថា ជនជាតិជប៉ុនជាច្រើនរូប កំពុងជួយគាំទ្រដល់ការអភិវឌ្ឍកីឡាបាល់ទាត់នៅកម្ពុជាដូចជា គ្រូបង្វឹកក្រុមកីឡាករជម្រើសជាតិ ប្រធានអាជ្ញាកណ្តាល និងនាយកប្រតិបត្តិនៃស្ថាប័នថ្មីមួយសម្រាប់ការលើកកម្ពស់លីគបាល់ទាត់អាជីព។ លើសពីនេះ កីឡាករបាល់ទាត់វ័យក្មេងរបស់ជប៉ុន ក៏លេងឱ្យក្លិបបាល់ទាត់កម្ពុជាផងដែរ។

ថ្មីៗនេះក្រុមហ៊ុនលីគកំពូលកម្ពុជា (Cambodian Premier League) ត្រូវបានបង្កើតឡើង និងមាននាយកប្រតិបត្តិជាជនជាតិជប៉ុន គឺលោក Satoshi Saito។ លោក Saito ក៏ធ្លាប់បានបង្ហាញអំពីគោលការសំខាន់ៗដែលជាការជំរុញនៃការអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជា ឲ្យមានការរីកចម្រើននក្លាយ ទៅជាលីគមានការទទួលស្គាល់ល្អបំផុតក្នុងតំបន់អាស៊ាន ដោយចង់បានក្លិបកម្ពុជាអាចមានសមត្ថភាពលេងក្នុងពាន AFC Champions League នៅឆ្នាំ២០២៥ និងឈ្នះក្នុងព្រឹត្តិការណ៍ស៉ីហ្គេម ឆ្នាំ២០២៣ ក៏ដូចជាការប្រឹងប្រែងរកជ័យជម្នះនៅតំបន់អាស៊ាន Asian Cup Final 2027 ឈានទៅរកការប្រជែងពាន FIFA World Cup Final 2030 ទៀតផង៕