(ភ្នំពេញ)៖ វិញ្ញាបនបត្រស្ដង់ដារសុវត្ថិភាព គឺជាឯកសារមួយ ដែលបញ្ជាក់ពីសុខភាពរបស់យានយន្ត និងបញ្ជាក់ថា យានយន្តរបស់អ្នកបានបំពេញតាមស្តង់ដារសុវត្ថិភាពអប្បបរមានៃថ្ងៃកំណត់។ វាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់រថយន្ត ព្រោះវាបង្ហាញដល់អ្នកទិញអំពីការត្រួតពិនិត្យស្តង់ដារ ជាមួយនឹងការត្រួតពិនិត្យគ្រប់ជ្រុងជ្រោយដ៏ល្អពីអ្នកបច្ចេកទេស។

វិញ្ញាបនបត្រស្តង់ដារសុវត្ថិភាព ត្រូវបានផ្តល់ដោយវិទ្យាស្ថានស្តង់ដារកម្ពុជា ដែលជាស្ថាប័នស្តង់ដារជាតិដែលទទួលខុសត្រូវ ក្នុងការរៀបចំ និងការបោះពុម្ពផ្សាយពីស្តង់ដារ និងគោលការណ៍ណែនាំរបស់កម្ពុជា សម្រាប់ផលិតផល ទំនិញ សម្ភារៈ សេវាកម្ម និងប្រតិបត្តិការនានា។

ជាការពិតណាស់ សុវត្ថិភាពរថយន្ត បានផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ហើយសព្វថ្ងៃនេះ រថយន្តថ្មីៗមានសុវត្ថិភាពជាងពេលមុនៗ ជាមួយនឹងសញ្ញា S Mark Safety ពីវិទ្យាស្ថានស្តង់ដារកម្ពុជាដែលបង្ហាញពីការត្រួតពិនិត្យដ៏ល្អត្រឹមត្រូវ។ អរគុណចំពោះវិស្វកម្មជាន់ខ្ពស់ ដែលបានសិក្សាស្រាវជ្រាវស៊ីជម្រៅ និងការវិភាគទិន្នន័យសំខាន់ៗ ដែលធ្វើឱ្យការមានសុវត្ថិភាពខ្ពស់ ហើយរថយន្តថ្មីៗ ត្រូវបានបង្កើតឡើងកាន់តែប្រសើរ និងមានមុខងារសុវត្ថិភាពបន្ថែមទៀតដើម្បីការពារដល់អ្នកបើកបរ និងអ្នករួមដំណើរ។

នៅពេលដែលអ្នកកំពុងស្វែងរករថយន្តថ្មី វាមិនពិបាកនោះទេ ក្នុងការស្វែងរករថយន្តដែលអាចបំពេញតម្រូវការរបស់អ្នកបាន ហើយអ្នកប្រហែលជាមានគំនិតខ្លះៗ អំពីអ្វីដែលអ្នកចង់បាន និងកន្លែងដែលត្រូវទៅរកមើលវា។ ប៉ុន្តែនៅពេលទិញរថយន្ត មានចំណុចមួយចំនួន ដែលអ្នកទិញតែងតែគិតគូរ មិនថាពួកគេយល់យ៉ាងណានោះទេ អ្នកគួរតែពិចារណាឲ្យច្បាស់ មុននឹងសម្រេចចិត្តទិញ ហើយនៅពេលអ្នកទិញរថយន្ត អ្នកត្រូវតែប្រាកដថាយានយន្តទាំងនោះ ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យសុវត្ថិភាពតាមស្តង់ដារបច្ចេកទេស។

កាលពីពេលថ្មីៗនេះ លោកនាយកនៃវិទ្យាស្ថានស្តង់ដារកម្ពុជា បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងណែនាំអំពីស្តង់ដារសុវត្ថិភាពនៅហាងលក់រថយន្តថ្មីៗ ដូចជា តាន់ ចុង ម៉ូទ័រ ដែលនាំចូល រថយន្តម៉ាក Nissan និង ក្រុមហ៊ុន TF Motors Cambodia ដែលបាននាំចូលរថយន្ត MG មកកម្ពុជា ហើយនឹងបន្តទៅត្រួតពិនិត្យ បន្តតាមបណ្តាអគារ តាំងបង្ហាញរថយន្តថ្មី ទាំងអស់នៅកម្ពុជា ដើម្បីត្រួតពិនិត្យថា រថយន្តថ្មីទាំងអស់ដែលបានដាក់លក់ គឺបានត្រួតពិនិត្យត្រឹមត្រូវ ដើម្បីធានាបាននូវគោលការណ៍សុវត្ថិភាព និងបទប្បញ្ញត្តិបច្ចេកទេស។ ដូច្នេះវាបានន័យថា រថយន្តថ្មីទាំងអស់ សុទ្ធតែទទួលបានវិញ្ញាបនបត្រសុវត្ថិភាពពីវិទ្យាស្ថានស្តង់ដារកម្ពុជា ដែលអ្នកប្រើប្រាស់អាចទុកចិត្តបាន។

តែគួរឲ្យសោកស្តាយ ដែលរាល់រថយន្តជជុះ ដែលបានដាក់លក់ គឺមិនមានវិញ្ញាបនបត្រស្តង់ដារសុវត្ថិភាព ពីវិទ្យស្ថានស្តង់ដារកម្ពុជា ដែលធ្វើឲ្យពួកគេប្រឈម នឹងហានិភ័យយ៉ាងខ្លាំង ដោយសារតែខ្វះការគ្រប់គ្រង និងការត្រួតពិនិត្យ ព្រមទាំងមិនបានតាមដានរាល់វត្ថុធាតុដើមច្បាស់លាស់របស់វា។ ប្រសិនបើអ្នកកំពុងស្វែងរកមើល ក្នុងការទិញណាមួយ នៃរថយន្តជជុះ ដែលមិនមានស្តង់ដារសុវត្ថិភាព និងមិនបានប្រាកដថាបានត្រួតពិនិត្យបានត្រឹមត្រូវ នោះអ្នកនឹងទទួលបានរថយន្ត ដែលអ្នកមិនដឹងអំពីប្រភពច្បាស់លាស់របស់រថយន្តនោះ ថាវាមកពីណា និងគ្មានការធានាត្រឹមត្រូវទេ។ ប្រាកដណាស់ រថយន្តជជុះមិនមានការបង្ហាញអំពីការត្រួតពិនិត្យ ពីអ្នកបច្ចេកទេសលើរថយន្តរបស់អ្នកទេ។ ដូច្នេះ វាអាចធ្វើឲ្យអ្នកខាតបង់ថវិកាក្នុងការជួសជុល និងខ្ជះខ្ជាយពេលវេលាផងដែរ។

ជាចុងក្រោយ ស្តង់ដារសុវត្ថិភាពសម្រាប់រថយន្តថ្មី គឺមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវានឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ជាមួយនឹងការត្រួតពិនិត្យដ៏ល្អត្រឹមត្រូវ ហើយអ្នកនឹងទទួលបាន ការធានាច្បាស់លាស់ផងដែរ ពីអ្នកចែកចាយផ្លូវការរថយន្តថ្មី ដែលធ្វើឲ្យអ្នកកាន់តែជឿទុកចិត្ត និងមានអារម្មណ៏សុវត្ថិភាព។ ប្រសិនបើរថយន្តមិនមាននិមិត្តសញ្ញាសុវត្ថិភាព S Mark ទេនោះមានន័យថា រថយន្តនោះគឺមិនបានគោរពទៅតាមស្តង់ដារបច្ចេកទេស ឬមិនត្រូវបានត្រួតពិនិត្យច្បាស់លាស់តាមច្បាប់នោះទេ៕