(ភ្នំពេញ)៖ នៅសុន្ទរកថាជាវីដេអូមួយនៅឯពិធីបើកសម័យប្រជុំ IOC (International Olympic Committee ) លើកទី១៣៩ ដោយបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក Thomas Bach ប្រធាន IOC និងសមាជិក IOC ដែលបានប្រមូលផ្តុំគ្នានៅរដ្ឋធានីប៉េកាំង ដែលជារដ្ឋធានីដំបូងគេដែលធ្វើជាម្ចាស់ផ្ទះ ទាំងការប្រកួតកីឡាអូឡាំពិករដូវក្តៅ និង រដូវរងា ក្នុងអំឡុងពិធីបុណ្យនិទាឃរដូវ និងបានប្រារព្ធសម័យប្រជុំIOC លើកទី១៣៩ នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ លោក ស៊ី ជីនភីង ប្រធានាធិបតីចិនបានថ្លែងថា «ក្រោមឥទ្ធិពលរួមនៃការផ្លាស់ប្តូរ ដែលមើលមិនឃើញក្នុងរយៈពេលមួយរយឆ្នាំ និងជំងឺរាតត្បាតម្តងក្នុងមួយសតវត្សរ៍ កំពុងឈានចូលដល់ដំណាក់កាលថ្មីនៃភាពចលាចល និងការផ្លាស់ប្តូរ ហើយប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនចំពោះមនុស្សជាតិ។ IOC បានដឹកនាំចលនាអូឡាំពិកក្នុងការបន្តទៅមុខដោយភាពក្លាហាន និងភាពរឹងមាំ ដោយដើរតួនាទីសំខាន់ និងមានតែមួយគត់ក្នុងការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាសកលដើម្បីជំនោរឆ្លងកាត់ពេលវេលាដ៏លំបាកនេះ។

ពី «ពិភពលោកមួយ សុបិនមួយ» ក្នុងឆ្នាំ២០០៨ ដល់ «រួមគ្នាឆ្ពោះទៅអនាគតរួម» នៅឆ្នាំ២០២២ ប្រទេសចិនបានចូលរួមយ៉ាងសកម្មនៅក្នុងចលនាអូឡាំពិក និងបានឈ្នះជើងឯកនូវការគោរពយ៉ាងខ្ជាប់ខ្ជួនតាមស្មារតីអូឡាំពិក។ ប្រទេសចិនប្ដេជ្ញាបន្តតាមឧត្តមគតិអូឡាំពិកដោយមានសកម្មភាពជាក់ស្តែង។ តាមរយៈការរៀបចំ និងរៀបចំការប្រកួតរដូវរងា ចិនបានចូលរួមដោយជោគជ័យនូវកីឡាជនជាតិចិនចំនួន៣០០លាននាក់លើព្រិល និងទឹកកក។ យើងក៏បានលើកកម្ពស់ការអភិវឌ្ឍក្នុងតំបន់ ការអភិរក្សអេកូឡូស៊ី ដំណោះស្រាយពណ៌បៃតង និងប្រកបដោយនវានុវត្តភាព និងការធ្វើឱ្យជីវិតរបស់មនុស្សកាន់តែប្រសើរឡើង នៅក្នុងប្រទេសចិន និងបានបង្កើតកន្លែងកាន់តែច្រើនសម្រាប់ការអភិវឌ្ឍកីឡារដូវរងានៅទូទាំងពិភពលោក។

ការប្រកួតកីឡាអូឡាំពិករដូវរងានៅរដ្ឋធានីប៉េកាំង ឆ្នាំ២០២២ ពិភពលោកកំពុងងាកមករកចិន ហើយចិនបានត្រៀមខ្លួនជាស្រេច។ ប្រទេសចិននឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីផ្តល់ដល់ពិភពលោកនូវកីឡាដែលមានលក្ខណៈងាយស្រួល សុវត្ថិភាព និងអស្ចារ្យ ហើយធ្វើសកម្មភាពតាមបាវចនាអូឡាំពិក «លឿនជាងមុន កាន់តែខ្ពស់ ខ្លាំងជាងមុន - រួមគ្នា»។ ថ្លែងនៅក្នុងពិធីលាងសាយភោជន៍ នារាត្រីថ្ងៃបើកកម្មវិធីកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ថា «ការចូលរួមជាសាធារណៈកាន់តែច្រើននៅក្នុងកីឡារដូវរងា រួមចំណែកដល់ចលនាអូឡាំពិក។ តាមរយៈការរៀបចំ និងរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា និងការលើកកម្ពស់កីឡាអូឡាំពិករដូវរងា ប្រទេសចិនសម្រេចបាននូវគោលដៅ នៃការចូលរួមរបស់ជនជាតិចិនចំនួន៣០០លាននាក់ ក្នុងកីឡាលើទឹកកក និងបានរួមចំណែកចាក់បញ្ចូលកម្លាំងថ្មី ដល់បុព្វហេតុកីឡាអូឡាំពិកនៅទូទាំងពិភពលោក»។

ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបានបង្ហាញពីសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និង ក្តីសង្ឃឹមដែលបានដាក់បញ្ចូលនូវ ជំនឿចិត្តនិងកម្លាំងដល់ប្រទេសនានាលើពិភពលោក។ នាពេលថ្មីៗនេះ ក្រុមហ៊ុនសេវាផ្សាយបន្តផ្សាយកីឡាអូឡាំពិកបានប្រកាសថា គិតមកដល់បច្ចុប្បន្ន ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង បានក្លាយទៅជាការប្រកួតកីឡាអូឡាំពិករដូវរងាមួយលើក ដែលមានចំនួនអ្នកទស្សនាច្រើនបំផុត ហើយបានទាក់ទាញការយកចិត្តទុកដាក់របស់មនុស្សជាង២,០០០លាននាក់ តាមរយៈបណ្តាញទំនាក់ទំនងសង្គមទូទាំងពិភពលោក។ ប្រជាជននៃប្រទេសនានានាំគ្នាគាំទ្រចំពោះការប្រកួតកីឡាអូឡាំពិករដូវរងា លើកទឹកចិត្តដល់ក្រុងប៉េកាំង រួមគ្នាឆ្ពោះទៅកាន់អនាគត នេះគឺជាការបង្ហាញចេញយ៉ាងពេញលេញនូវស្មារតីអូឡាំពិក ។

តាមរយៈការប្រកួតកីឡាអូឡាំពិករដូវរងា យើងបានឃើញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្ត និងការត្រៀមខ្លួនរបស់ប្រទេសចិន ក្នុងចរន្តពហុភាគីនិយម និងយកស្មារតីកីឡាជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។ យើងបានដឹងរួចមកហើយថា ប្រទេសចិនបានពង្រឹងនិងពង្រីកនូវកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ពង្រឹងយន្តការនៅក្នុងសន្និសីទអន្តរសកម្មភាពនិងកសាងទំនុកចិត្តអាស៊ី (CICA) កិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ាន និងរួមបញ្ចូលក្របខណ្ឌចរចាពាណិជ្ជកម្មសេរីក្នុងតំបន់។ យើងក៏គួរចូលរួមយ៉ាងសកម្មក្នុងការបង្កើតច្បាប់នៅក្នុងវិស័យ ដែលកំពុងរីកចម្រើនមានដូចជា ប្រព័ន្ធអ៊ីនធឺណេត តំបន់ប៉ូល តំបន់សមុទ្រជ្រៅ និងលំហអវកាសខាងក្រៅ ហើយផ្តល់ការគាំទ្របន្ថែមទៀតដល់កម្មវិធី និងយន្តការកិច្ចសហប្រតិបត្តិការដែលទាក់ទងនឹងការផ្លាស់ប្តូរការអប់រំ ការជជែកពិភាក្សារវាងអរិយធម៌សន្តិភាព និងការកសាងអរិយធម៌អេកូឡូស៊ី។ ប្រទេសចិនតែងស្វែងរកកិច្ចសហប្រតិបត្តិការ និងសមិទ្ធផលដែលផ្តល់ប្រយោជន៍រួមជាជាងការប្រឈមមុខគ្នា ឬការប្រកួតយកចាញ់-ឈ្នះ។ ដើម្បីសម្រួលដល់ការផ្លាស់ប្តូរប្រព័ន្ធអភិបាលកិច្ចជាសកល យើងនឹងព្យាយាមកំណត់តួចែករួមធំបំផុត ពង្រីកកិច្ចសហប្រតិបត្តិការ លើកកម្ពស់ការយល់ស្របក្នុងចំណោមភាគីទាំងអស់ និងពង្រឹងការសម្របសម្រួល ក៏ដូចជាកិច្ចសហប្រតិបត្តិការ។

ទ្រឹស្តីដែលតែងតែផ្ទុយពីអនុវត្តន៍ ឬ ទម្រង់ដើរផ្ទុយពីខ្លឹមសាររបស់បណ្តាបស្ចិមប្រទេស ជាពិសេសសហរដ្ឋអាមេរិក ដែលតែងបានប្រើប្រាស់លេសនៃការស្រឡាញ់និងការពារសិទ្ធិមនុស្ស ការគោរពស្មារតីកីឡា ទៅជាបញ្ហា នយោបាយ ហើយបានប្រើប្រាស់ការទូតបែបគំរាមកំហែង ដើម្បីបង្ខំប្រទេសដទៃឱ្យចូលរួមបំពេញមហិច្ឆិតាដ៏កង្វក់របស់ខ្លួន។ ការធ្វើពហិការក្នុងពិធីប្រកួតកីឡាអូឡាំពិកឆ្នាំ២០២២ នៅរដ្ឋធានីប៉េកាំង ដែលប្រទេសចិនបានរៀបចំដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួន ទៅនឹងគោលការណ៍អូឡាំពិក និងគោរពយ៉ាងម៉ត់ចត់ទៅនឹងវិធានសុខាភិបាលតាមបែបវិទ្យាសាស្រ្តវេ្ជសាស្ត្រ គឺជាចេតនាបង្ហាញយ៉ាងច្បាស់ថាអាមេរិកតែងបង្កបញ្ហាឥតសាកស្រាន្ត និងបន្សល់ទុកនូវវិនាសកម្មនៃសង្គ្រាមគ្រប់ទិសទី ជាក់ស្តែងវិបត្តិនៅប្រទេសអ៊ុយក្រែនជាឧទាហរណ៍បញ្ជាក់ស្រាប់។ សម្ព័ន្ធភាព ឬក្រុមប្រទេសយុទ្ធសាស្រ្តនានា ដែលបង្កើតឡើងដោយអាមេរិកនៅក្នុងតំបន់អាស៊ី ដែលត្រូវបានរំលេចតាមរយៈយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិក គឺជាយុទ្ធសាស្រ្តនាំតំបន់អាស៊ីធ្លាក់ចូលទៅក្នុងសង្គ្រាមជាថ្មី ក្នុងពេលដែលតំបន់នេះបាននិងកំពុងទទួលបាននូវសុខសន្តិភាព។

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទកាសែតជាប្រចាំនាថ្ងៃទី១៤ ខែកុម្ភៈថា «យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក» ធ្វើឡើងដោយចេតនាអាក្រក់ដែលយក «ការគំរាមកំហែងពីចិន» ធ្វើជាលេស។ «យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក» ដែលអាមេរិកលើកឡើង គឺការនិយាយផ្សេងធ្វើផ្សឹង។ អាមេរិកអះអាងថាចង់ជំរុញសេរីភាពនិងភាពបើកទូលាយក្នុងតំបន់ តែតាមពិតជាការ កសាងទំនាក់ទំនងភាពជាដៃគូសន្តិភាពបីភាគី (AUKUS ) និងយន្តការបួនភាគី (QUAD ) ដើម្បីបង្កើតរង្វង់តូចបែបបំបិទអ្នកដទៃ។ អាមេរិកអះអាងថាចង់ពង្រឹងសន្តិភាពក្នុងតំបន់ តែតាមពិតបានបង្កើតហានិភ័យរីកសាយភាយអាវុធនុយគ្លេអ៊ែរយ៉ាងធ្ងន់ធ្ងរ ដែលបានបំផ្លាញសន្តិសុខនិងស្ថិរភាពក្នុងតំបន់។ អាមេរិកអះអាងថាចង់ជំរុញភាពរុងរឿងក្នុងតំបន់ តែតាមពិតបានដើរញុះញង់ឱ្យ ប្រទេសក្នុងតំបន់បដិបក្ខគ្នា។ គំនិតធ្វើសង្គ្រាមត្រជាក់ឡើងវិញនិងធ្វើនយោបាយជាក្រុម វាគ្មានអត្ថន័យថ្មីអីនោះទេ វាបានត្រឹមតែនាំមកនូវភាពបែកបាក់ដល់តំបន់អាស៊ីប៉ាស៊ីហ្វិកតែប៉ុណ្ណោះ ដែលប្រទេសក្នុងតំបន់ចាំបាច់ត្រូវរក្សា ភាពប្រុងប្រយ័ត្ននិងប្រឆាំង។

យើងបានដឹងរួចមកហើយថា AUKUS កំពុងបេសកកម្មពីរគឺ ១-នាំចក្រភពអង់គ្លេសឱ្យកាន់តែជិតស្និទ្ធទៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក ហើយ២-ដោយមានចរិតលក្ខណៈយោធានិយម សម្ព័ន្ធភាពនេះភ្ជាប់មកជាមួយមុខងារសំខាន់ដែលអាចឱ្យសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសចែករំលែកបច្ចេកវិទ្យានាវាមុជទឹកនុយក្លេអ៊ែរជាមួយអូស្ត្រាលី ដោយជួយឱ្យទីក្រុងកង់បេរ៉ាមានកងនាវា នៃនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ហើយក៏ជាការបង្កើនកម្លាំងជួយដល់ QUAD ផងដែរ។ គោលនយោបាយការបរទេសរបស់អាមេរិកងាកមកកាន់ឥណ្ឌូប៉ាស៊ីហ្វិក បានក្លាយជាយុទ្ធសាស្រ្តចម្បងមួយ ក្នុងការទប់ស្កាត់ឥទ្ធិពលរបស់ចិន ដោយអាមេរិកកំពុងអូសទាញតៃវ៉ាន់ដែលជាដែនដីរបស់ចិន និងទាញយកប្រទេសឥណ្ឌា ព្រមបណ្តាប្រទេសនៅអាស៊ីអគ្នេយ៍ដើម្បីឡោមព័ទ្ធចិន ក្នុងពេលដែលជប៉ុន និងកូរ៉េខាងត្បូងកំពុងបង្កើនសម្លេងដង្ហោយឱ្យ អាមេរិកលក់សព្វាវុធ និងបង្កើនការដាក់សម្ពាធលើចិនបន្ថែមទៀត។

ជារួម ស្មារតីនៃពិធីកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ គឺជាវិញ្ញាសារដ៏សំខាន់ដែលប្រទេសចិនបានខិតខំប្រឹងប្រែងរួបរួមនូវកម្លាំងសាមគ្គី កិច្ចសហប្រតិបត្តិការ និង ក្តីសង្ឃឹមសម្រាប់ពិភពលោក សម្រាប់ការបន្តនូវយន្តការពហុភាគីនិយម និងការបង្កើនមិត្តភាពដូចទៅនឹងសម្ព័ន្ធភាពជាគំរូនៃមេត្រីភាពរវាងចិននិងរុស្ស៊ី រវាងចិននិងបណ្តាប្រទេសនានាក្នុងតំបន់ និងក្នុងពិភពលោក។ កីឡាអូឡាំពិករដូវរងានៅរដ្ឋធានីប៉េកាំងគឺពិតជាបានចេញដំណើរពី «ពិភពលោកមួយ សុបិនមួយ» ក្នុងឆ្នាំ២០០៨ ដល់ «រួមគ្នាឆ្ពោះទៅអនាគតរួម» នៅឆ្នាំ២០២២ ហើយដែលប្រទេសចិនបានអនុវត្តស្របតាមទ្រឹស្តីដែលខ្លួនបានដាក់ចេញ ហើយបានប្តេជ្ញាចិត្តក្នុងទំនួលខុសត្រូវខ្ពស់ក្នុងនាមជាអ្នកថែរក្សាសណ្តាប់ធ្នាប់ពិភពលោក និងជាអ្នកចូលរួមថែរក្សាយ៉ាងខ្ជាប់ខ្ជួននូវស្មារតីសន្តិភាពនិយម និងការទូត ពហុភាគីនិយម៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន