(កូរ៉េ)៖ នៅទីបំផុត ក្រុមតារាចម្រៀងបុរសល្បីឈ្មោះប្រចាំវិស័យ K-POP គឺ BTS បានប្រកាសជាផ្លូវការ ពីកាលបរិច្ឆេទថ្ងៃប្រគំតន្ត្រីលើកដំបូងរបស់ខ្លួន ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ឈ្មោះថា «Permission To Dance On Stage - Seoul»។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន All Kpop នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។

ការប្រគំន្រ្តីទោលរបស់ក្រុម BTS ឈ្មោះថា «Permission To Dance On Stage - Seoul» នេះ នឹងធ្វើឡើងនៅចាប់ពីថ្ងៃទី១០-១៣ ខែមីនា ឆ្នាំ២០២២នេះ នៅពហុកីឡដ្ឋាន ទីក្រុងសេអ៊ូលផ្ទាល់។ អ្វីដែលពិសេស នឹងមានការផ្សាយផ្ទាល់ក្នុងពេលដំណាលគ្នា នៅលើ Online ពោលគឺការសម្តែងរបស់ពួកគេ និងមានទាំងការទស្សនាដោយផ្ទាល់ផង និងលើការផ្សាយផ្ទាល់តាម Online ផង ដើម្បីជាភាពងាយស្រួលសម្រាប់អ្នកគាំទ្រក្រៅប្រទេស ដែលចង់ទស្សនាការសម្តែងរបស់ BTS។

គួរជម្រាបថា នេះជាការប្រគំតន្រ្តីលើកដំបូងហើយ របស់ក្រុមល្បី BTS ក្នុងរយៈពេល២ឆ្នាំមកនេះ ខណៈអ្នកគាំទ្រកំពុងតែអន្ទះសារក្នុងការទស្សនាការប្រគំតន្រ្តីមួយនេះ។ ទោះជាបែបនេះក្តី ខណៈការប្រគំតន្ត្រីបាននឹងកំពុងខិតមកដល់ សមាជិកម្នាក់ក្នុងក្រុម BTS គឺលោក V បានទៅមន្ទីរពេទ្យនៅរសៀលថ្ងៃអង្គារ ទី១៥ ម្សិលមិញនេះ បន្ទាប់ពីបានឈឺបំពង់កស្រាល ហើយបានធ្វើតេស្ត PCR ។ លោកត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមាន COVID-19 នៅយប់មិញ។

V បានបញ្ចប់ការចាក់វ៉ាក់សាំង COVID-19 ចំនួនពីរជុំហើយ ហើយមិនមានរោគសញ្ញាអ្វីប្លែកក្រៅពីគ្រុនក្តៅស្រាល និងឈឺបំពង់កនោះទេ ហើយបច្ចុប្បន្ន លោកកំពុង សម្រាក ព្យាបាល នៅ ផ្ទះ រង់ចាំ ការណែនាំ បន្ថែម ពី អាជ្ញាធរ សុខាភិបាល៕