(ភ្នំពេញ)៖ យោងតាមសមាគមកីឡាបាល់ទាត់សិង្ហបុរី (FAS) បានឲ្យដឹងថា មានកីឡាករ ៣រូប នៃក្រុមជម្រើសជាតិ U23 សិង្ហបុរី បានរកឃើញវិជ្ជមានកូវីដ-១៩ កាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ មុនជំនួបបើកឆាកពូល C ជាមួយក្រុម U23 ថៃ នាយប់ថ្ងៃទី១៧ ខែកុម្ភៈនេះ ក្នុងយុទ្ធនាការប្រកួតពានរង្វាន់ AFF U23 Championship 2022។ រីឯពូល B នៅសល់បេក្ខភាពតែ ២ក្រុមប៉ុណ្ណោះ ក្រោយមីយ៉ាន់ម៉ាបន្ដដកខ្លួន។

បច្ចុប្បន្នក្រុម U23 សិង្ហបុរី នៅសល់កីឡាករ ២១នាក់ប៉ុណ្ណោះ ដើម្បីបន្ដយុទ្ធនាការប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍ ដ្បិតមុនធ្វើដំណើរមកកម្ពុជា ពួកគេក៏បានរកឃើញកីឡាករ ៤រូបមានវិជ្ជមានកូវីដ-១៩ ផងដែរ ក្នុងចំណោមកីឡាករ ២៨នាក់ មុន FAS ប្រកាសរកឃើញវិជ្ជមានលើកីឡាករ ៣រូបទៀតកាលពីយប់មិញ។

ប៉ុន្ដែយោងតាមកម្មវិធីប្រកួតថ្មីដែលផ្ដល់ជូនដល់មន្ដ្រីគណៈកម្មការរៀបចំការប្រកួត សម្រាប់ជំនួបបើកឆាកពូល C រវាងសិង្ហបុរី និងថៃ ដែលគ្រោងប្រកួតនាវេលាម៉ោង ៧យប់នេះ នៅកីឡដ្ឋានព្រីនស៍ គឺនៅតែដំណើរការប្រកួតធម្មតា មិនមានការពន្យាពេល ឬលុបចោលនោះទេ។ ពូល C នេះមានបេក្ខភាព ៣ក្រុម គឺថៃ សិង្ហបុរី និងវៀតណាម។

ក្រឡេកទៅចាប់អារម្មណ៍ពូល B វិញ គិតត្រឹមថ្ងៃអង្គារម្សិលមិញ គឺនៅសល់បេក្ខភាពប្រកួតតែ ២ក្រុមប៉ុណ្ណោះ រួមមានម៉ាឡេស៊ី និងឡាវ ក្រោយមីយ៉ាន់ម៉ា បានស្នើសុំដកខ្លួន ១ក្រុមទៀត បន្ទាប់ពីឥណ្ឌូនេស៊ី។ សហព័ន្ធកីឡាបាល់ទាត់មីយ៉ាន់ម៉ា (MFF) បានអះអាងថា ដោយសារកីឡាករជាច្រើន បានតេស្ដវិជ្ជមានកូវីដ-១៩ ទើបខ្លួនបង្ខំចិត្តសុំដកខ្លួន ហើយសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) ក៏បានឯកភាពទាំងសោកស្ដាយផងដែរ។

គួរដឹងថា ពានរង្វាន់ AFF U23 Championship 2022 នៅកម្ពុជា បានចាប់ផ្ដើមការប្រកួតពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ដោយប្រើប្រាស់ទីលាន២ គឺពហុកីឡដ្ឋានជាតិមរតកតេជោ និងកីឡដ្ឋានព្រីនស៍។ មកទល់ពេលនេះការប្រកួតទើបដំណើរការប្រកួតបាន ២ប្រកួតប៉ុណ្ណោះ ក្នុងពូល A ដោយលទ្ធផលទីម័រខាងកើត ស្មើហ្វីលីពីន ២-២ ខណៈក្រុមគោព្រៃជំទង់កម្ពុជា លត់ប្រ៊ុយណេ ៦-០។ រីឯការប្រកួតរវាងម៉ាឡេស៊ី និងមីយ៉ាន់ម៉ា ដែលគ្រោងប្រកួតកាលពីម្សិលមិញ ត្រូវបានលុបចោល បន្ទាប់ពីមីយ៉ាន់ម៉ាសុំដកខ្លួន៕