(ប៉ារីស)៖ Paris Saint-Germain បានយកឈ្នះគូប្រជែងមកពីអេស្ប៉ាញ Real Madrid ត្រឹមលទ្ធផល ១-០ នាយប់មិញនេះ នៅពេលដែល Lionel Messi បានបាល់ប៉េណាល់ទី១គ្រាប់ តែទាត់មិនចូលក្នុងជើងទី១ នៃវគ្គ ១៦ក្រុម UCL។

ចូលដល់នាទី៩០+៤ ទៅហើយទើបកីឡាករខ្សែប្រយុទ្ធដូចគ្នា Neymar បញ្ជូនបាល់ឲ្យ Kylian Mbappe ស៊ុតសម្រេចគ្រាប់ជ័យជម្នះតែម្តងនៅទឺកដី Parc des Princes ស្ថិតក្នុងទីក្រុងប៉ារីស ប្រទេសបារាំងដែលជាគ្រាប់ទី២២ របស់គេផងដែរជាមួយ PSG។

ក្នុងជំនួបខ្លាំងប៉ះខ្លាំងនោះដែរ អ្នកចាំទី Thibau Courtois ក៏បានធ្វើការសង្រ្គោះបាល់ Messi ដ៏អស្ចារ្យដែរ នៅមុនពេលរបូតគ្រាប់ចុងម៉ោងដែលធ្វើបានសម្រេចដោយកីឡាករអន្តរជាតិបារាំងតែម្តង មុនពេលជួបគ្នាជើងទី២ ទៀតនៅអេស្ប៉ាញនាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២។

មុនការប្រកួតជើងទី២ មកដល់ PSG ក៏ត្រូវធ្វើដំណើរទៅជួប Nantes ក្នុងលីគ Ligue 1 របស់ពួកគេវិញ ដ្បិត Real Madrid នឹងទទួលក្រុមភ្ញៀវ Deportivo Alaves នៅរាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះដូចគ្នា៕