(លីស្បោន)៖ Manchester City បានបំបាក់ក្រុមម្ចាស់ផ្ទះ Sporting Lisbon ដល់ទៅ ៥-០ ក្នុងជំនួបបើកឆាកជើងទី១ នៃវគ្គ ១៦ក្រុមចុងក្រោយពានអឺរ៉ុប UEFA Champions League នាយប់មិញនេះ។

ក្រុមមកពីកំពូលតារាងនៃលីគកំពូលអង់គ្លេស Premier League នេះ ធ្វើបានល្អមែនទែន បើប្រៀបជាមួយគូ PSG ដែលបានយកឈ្នះ Real Madrid ត្រឹម ១-០ នៅទឹកដីបារាំង ដ្បិតពួកគេរក្សា Clean Sheet ក្នុងនាមលេងជាក្រុមរបស់ក្រុមព័រទុយហ្គាល់ Lisbon។

កីឡាករសំខាន់ៗមានដូចជា Riyad Mahrez, Phil Foden និង Raheem Sterling សុទ្ធសឹងតែរកបានម្នាក់ ១គ្រាប់ដូចគ្នា នៅពេលដែលខ្សែបម្រើប្រយុទ្ធ Bernado Silva រកបាន ២គ្រាប់ម្នាក់ឯង ធ្វើឲ្យអ្នកចាត់ការទូទៅក្លិប លោក Pep Guardiola មុខរីកដូចគ្រាប់ជីខ្លាំងឡើង។

City ដែលជាក្រុមរងជើង UCL ឆ្នាំទៅនោះ នឹងបើកទ្វារកីឡដ្ឋាន Etihad របស់ខ្លួន ដើម្បីទទួល Sporting Lisbon នារាត្រីឆ្លងចូលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ជាជំនួបកាត់សេចក្តីជើងទី២ ក្នុងវគ្គ ១៦ក្រុមជាបន្តទៀត ដ្បិតពួកគេបានសំឡឹងឃើញកៅអីវគ្គ ៨ក្រុមចុងក្រោយឡឹមៗហើយនោះ៕