(ភ្នំពេញ)៖ តារាសម្តែង និងជាតារាចម្រៀង ធ្លាប់មានឈ្មោះល្បីល្បាញ លោក អៀង ចេនឡា ត្រូវបានបញ្ជាក់ថា កំពុងតែទទួលការព្យាបាលផ្នែកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្នុងដំណាក់កាលចុងក្រោយ ដោយសារមានជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ។ តារារូបនេះ ត្រូវបានសមាជិកគ្រួសារ បញ្ជាក់ថា ហាក់អស់សង្ឃឹម និងគួរឲ្យបារម្ភជាខ្លាំង ដោយសាមីខ្លួនផ្ទាល់និយាយរវើរវាយលែងមានម្ចាស់ការលើខ្លួនឯង។

ថ្លែងប្រាប់ Fresh News Plus តាមរយៈសារអេឡិចត្រនិក នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នេះ លោក សុខ រ៉ាស៉ី ដែលជាប្អូនប្រុសបង្កើតរបស់លោក អៀង ចេនឡា បានឲ្យដឹងថា បងប្រុសរបស់ខ្លួន មានជំងឺរលាកស្រោមខួរធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែត្រ ក្នុងដំណាក់កាលចុងក្រោយ គឺសឹងតែអស់សង្ឃឹមទៅហើយ...សង្ឃឹមតិចមែនទែន។

ពីធីករ សុខ រ៉ាស៉ី បានសង្កត់ធ្ងន់ថា បងប្រុសរបស់ខ្លួនចូលសម្រាកព្យាបាលតាំងពីម្សិលមិញ គឺនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ តែក្រុមគ្រួសារបានយកលោក ចេនឡា ទៅព្យាបាលនៅ៣ពេទ្យហើយ ទើបចុងក្រោយនៅកាល់ម៉ែត្រ។ ពេលនេះ អស់សង្ឃឹមហើយ ព្រោះស្ថានភាពរបស់លោក ចេនឡា កំពុងធ្ងន់ធ្ងរ...។

គួរជម្រាបថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តារាសម្តែង អៀង ចេនឡា បានបាត់មុខមាត់ពីវិស័យសិល្បៈ ដោយសារតែសំងំព្យាបាលជំងឺរបស់ខ្លួន ខណៈពេលចេញក្រៅម្តងៗ លោកតែងតែបន្សល់ទុកនូវចម្ងល់ដល់មហាជន ដោយសារតែមានរូបរាងស្គមខុសធម្មតា។ តែយ៉ាងណា មួយរយៈចុងក្រោយនេះ លោកបញ្ជាក់ថា ខ្លួនមានជំងឺប្រចាំកាយ រហូតបច្ចុប្បន្ននេះ កំពុងសង្គ្រោះបន្ទាន់៕