(អាមេរិក)៖ ក្រុមហ៊ុន Intel នៅថ្ងៃអង្គារម្សិលមិញនេះ បានប្រកាសឲ្យដឹងថា ខ្លួនបានសម្រេចទិញយកក្រុមហ៊ុន Tower Semiconductor ក្នុងតម្លៃ ៥.៤ពាន់លានដុល្លារអាមេរិក ដើម្បីបំពេញតម្រូវការដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់បន្ទះឈីបកុំព្យូទ័រ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២២ បានឲ្យដឹងថា បន្ទាប់ពីក្រុមហ៊ុន Intel បានប្រកាសអំពីដំណឹងនេះភ្លាម តម្លៃភាគហ៊ុនរបស់ Intel បានកើនឡើង ១.៨ភាគរយ ខណៈដែលតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tower Semiconductor កើនឡើងរហូតដល់ ៣៦.៤ភាគរយ។

កិច្ចព្រមព្រៀងនេះនឹងផ្តល់ឱ្យ Intel នូវជំហររឹងមាំជាងមុននៅក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យា ពិសេសគឺក្រុមហ៊ុនផលិតបន្ទះ ព្រោះថា Tower ជាក្រុមហ៊ុនមួយដែលមានជំនាញខាងផលិតឧបករណ៍ចាប់ប្រេកង់វិទ្យុ និងឧបករណ៍ចាប់សញ្ញា។ ក្រុមហ៊ុន Intel ក៏បាននិយាយថា កន្លែងផលិតដែលមានស្រាប់របស់ Tower គឺនឹងបំពេញបន្ថែមទៅតាមតម្រូវការនៅក្នុងភូមិសាស្ត្រ ដែលមាននៅសហរដ្ឋអាមេរិក និងអាស៊ី ហើយវាគឺជាការបន្តនៃយុទ្ធសាស្រ្តរបស់នាយកប្រតិបត្តិ Intel លោក Pat Gelsinger ក្នុងការបណ្តាក់ទុនយ៉ាងច្រើន ដើម្បីជំរុញផលិតកម្ម។

ក្រុមហ៊ុន Intel បាននិងកំពុងធ្វើការដើម្បីបំពេញតម្រូវការជាសកលលោកដ៏ធំសម្រាប់បន្ទះឈីប ដែលបណ្តាលឱ្យមានការខ្វះខាតជាបន្តបន្ទាប់ ខណ:ដែលកាលពីខែមករាកន្លងទៅនេះ បានប្រកាសបង្ហាញពីគម្រោងវិនិយោករហូតដល់ ១០០ពាន់លានដុល្លារនៅក្នុងរដ្ឋ Ohio ដើម្បីបង្កើតជាកន្លែងផលិតគ្រឿងអេឡិចត្រូនិកដ៏ធំបំផុតរបស់ពិភពលោក៕