(ភ្នំពេញ)៖ តារាកំប្លែងក្រម៉ិចក្រម៉ើម សម្ដីចាក់ទឹកមិនលិច កញ្ញា វ៉ាន់ នីឡា ដែលត្រូវបានមហាជនស្គាល់ថា ជាកូនស្រីបណ្ដូលចិត្តរបស់លោក សុវណ្ណ ឫទ្ធី ហៅលោកតា វ៉ិចទ័រ បានកំណត់ថ្ងៃរៀបមង្គលការ របស់ខ្លួនច្បាស់លាស់ហើយ បន្ទាប់ពីពិធីមង្គលជ័យនេះ ត្រូវបានពន្យាពេលជាបន្តបន្ទាប់ អស់រយៈពេល៣ឆ្នាំមកហើយ ដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩។ តារាស្រីវ័យក្មេង តែមានទេពកោសល្យសិល្បៈមិនធម្មតា កញ្ញា វ៉ាន់ នីឡា និងគូស្នេហ៍បានប្រើពេលវេលាស្វែងយល់ចិត្តគ្នា អស់រយៈពេលជាច្រើនឆ្នាំ និងបានកំណត់ពេលចូលរោងការម្ដងជាពីរដង តែមិនបានសម្រេច ដោយបង្ខំឲ្យពួកគេ និងគ្រួសារទាំងសងខាងត្រូវពន្យាពេល។

នៅថ្ងៃនេះតារាស្រីមានសម្ដីហូរដូចទឹក ស្រីស្រស់ វ៉ាន់ នីឡា បានប្រកាសជាសាធារណៈក្នុងបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ ដោយភ្ជាប់ជាមួយនឹងសំបុត្រអញ្ជើញរបស់នាងថា «នរណាជំពាក់ចំណងដៃរបស់នីឡាខ្លះ ចេញមុខមក, លើក៣ឆ្នាំហើយ សុំប្រាកដខែក្រោយនេះហើយ»។ ទោះបីជានាងមិនបានប្រាប់ពីថ្ងៃកំណត់ច្បាស់ ប៉ុន្តែតាមរយៈសំបុត្រអញ្ជើញរបស់នាង ត្រូវបានគេមើលឃើញថា ពិធីមង្គលការនេះ នឹងត្រូវរៀបចំរយៈពេល២ថ្ងៃ គឺថ្ងៃទី១៨ និង១៩ ខែមីនា ឆ្នាំ២០២២នេះ នៅសណ្ឋាគារលំដាប់ផ្កាយ៥ សុខាភ្នំពេញ ហើយក្រុមគ្រួសារនឹងត្រូវដើរអញ្ជើញភ្ញៀវកិត្តិយស ញាតិមិត្តជិតឆ្ងាយ ជាពិសេសអ្នករស់នៅក្នុងមជ្ឈដ្ឋានសិល្បៈ ក្នុងពេលឆាប់ៗខាងមុខនេះ។

ពិធីមង្គលការតារាកំប្លែង វ៉ាន់ នីឡា ត្រូវបានមហាជនរំពឹងថា គឺជាពិធីមួយនឹងធ្វើឲ្យកក្រើកដល់អ្នកសិល្បៈសម្រាប់ឆ្នាំ២០២២នេះ ពោលគឺផ្អើលអស់ទាំងតារាសម្ដែង, តារាចម្រៀង, តារាកំប្លែង,អ្នកដឹកនាំកម្មវិធី និងអ្នកដឹកនាំរឿងជាដើម ខណៈដែលឪពុករបស់នាង គឺលោកតា វ៉ិចទ័រ ក៏ជាអ្នករស់នៅក្នុងមជ្ឈដ្ឋានសិល្បៈយូរឆ្នាំមកហើយដែរ។

គួរជម្រាបថា កញ្ញា វ៉ាន់ នីឡា ធ្លាប់បានភ្ជាប់ពាក្យម្ដងរួចមកហើយ ជាមួយអតីតគូដណ្ដឹង គឺលោក ផន រង្សី ដែលជាកូនប្រុសថៅកែវង្សល្ខោនបាសាក់ ភី សុគន្ធី នៅខេត្តតាកែវ កាលពីឆ្នាំ ២០១៦កន្លងទៅ តែបានផ្ដាច់ពាក្យនឹងគ្នាទៅវិញ ដោយសារពួកគេមានថ្ងៃខែឆ្នាំមិនល្អ។ ក្រោយពីផ្ដាច់ពាក្យរួចមក ស្រីស្អាត វ៉ាន់ នីឡា ក៏បានចាប់ផ្ដើមសាងស្នេហ៍ថ្មី ជាមួយបុរសសង្ហាវ័យក្មេងម្នាក់ ខណៈដែលអ្នកទាំងពីរតែងតែបញ្ចេញ រូបភាពផ្អែមល្ហែមជាមួយគ្នា ជាបន្តបន្ទាប់ និងបានកំណត់ថ្ងៃចូលរោងការទៀតផង ប៉ុន្តែត្រូវលើកពេលជាបន្តបន្ទាប់ដូចគ្នា៕