(ហាណូយ)៖ វិធានការសុវត្ថិភាពកូវីដ-១៩ បានបណ្តាលឱ្យរថយន្តកុងតឺណ័រដឹកផលិតផលកសិកម្មពីវៀតណាម ទៅកាន់ប្រទេសចិនបន្តជាប់គាំងនៅព្រំដែនរវាងប្រទេសទាំងពីរអសៈរយៈពេលជាង ១សប្តាហ៍មកហើយ។ នេះបើយោងតាមកាសែត VN Express។

កាសែត VN Express បានរាយការណ៍ថា រថយន្តកុងតឺណ័រជាង ១.៨០០គ្រឿងបាននិងកំពុងរង់ចាំរយៈពេលជាង ១សប្តាហ៍មកហើយដើម្បីបញ្ចេញទំនិញរបស់ពួកគេឆ្លងព្រំដែន ខណៈដែលប្រទេសចិនបន្តដាក់វិធានការរឹតបន្តឹងទប់ស្កាត់ជំងឺកូវីដ-១៩ ដ៏តឹងរ៉ឹង។

គិតត្រឹមថ្ងៃទី១៣ ខែកុម្ភៈនេះ រថយន្តកុងតឺណ័រជាង ១.៨១៥គ្រឿងកំពុងរង់ចាំចូលប្រទេសចិននៅតាមច្រកព្រំដែនចំនួន៣ នៅខេត្ត Lang Son។ ៩០ភាគរយនៃរថយន្តទាំងនោះដឹកផ្លែឈើស្រស់មកពីខេត្តភាគខាងត្បូងប្រទេសវៀតណាម។

ការពន្យាពេលបំពេញបែបបទបញ្ចេញទំនិញនៅតាមព្រំដែន បាននិងកំពុងកើតមានឡើងតាំងពីចុងឆ្នាំមុនមកម៉្លេះ។ ក្នុងអំឡុងពេលចូលឆ្នាំចិន និងវៀតណាមចាប់ពីថ្ងៃទី១៩ ខែមករា ដល់ថ្ងៃទី៦ ខែកុម្ភៈ បញ្ហានេះត្រូវបានដោះស្រាយមួយផ្នែកហើយដោយសារការអន្តរាគមន៍ពីមន្ត្រីជាន់ខ្ពស់ ប៉ុន្តែបញ្ហានេះបានកើតឡើងម្តងទៀត។

 

អាជ្ញាធរគយចិនបានបន្តដាក់ចេញយុទ្ធសាស្រ្ត «គ្មានកូវីដ» ដែលតម្រូវឱ្យមានការរឹតបន្តឹងវិធានការសុវត្ថិភាព។ ការស្គ្រីន (Screen) រថយន្តមួយគ្រឿងត្រូវចំណាយពេលជាច្រើនម៉ោង ដែលកន្លងមកចំណាយពេលតែពី ១០ ទៅ ១៥នាទី។

អាជ្ញាធរខេត្ត Lang Son បានប៉ាន់ប្រមាណថា វានឹងអាចត្រូវចំណាយពេលពី ១០ ទៅ ១៥ថ្ងៃ ដើម្បីអាចបញ្ចប់ការរាំងស្ទាំងរថយន្តទាំងនេះបាន។

ក្រុមហ៊ុន Thai Viet Trung International Transport Company កំពុងខាតបង់ប្រាក់ពី ៦០ ទៅ ៨០លានដុង (ប្រហែល ៣.៥០០ដុល្លារ) ក្នុងមួយថ្ងៃដោយសាររថយន្តរបស់ក្រុមហ៊ុននេះចំនួន ៣០បានជាប់គាំងនៅព្រំដែន។

លោក Tran Van Hao អគ្គនាយកក្រុមហ៊ុន Thai Viet Trung International Transport Company បានប្រាប់កាសែត VN Express ថា ក្រុមហ៊ុនត្រូវចំណាយពេលពី ២៥ ទៅ ៣០ថ្ងៃដើម្បីបញ្ចប់ការដឹកជញ្ជូនមួយជើងពីភាគខាងត្បូងទៅភាគខាងជើង ដោយសារការជាប់គាំងនេះ ដែលកើនឡើង ៣ដង៕

ចិនគឺជាទីផ្សារនាំចេញធំទី២ សម្រាប់ផលិតកសិផល រុក្ខាប្រម៉ាញ់ និងត្រីរបស់វៀតណាម បន្ទាប់ពីទីផ្សារអាមេរិក ដែលមានតម្លៃនាំចេញសរុប ៨,៤ប៊ីលានដុល្លារនៅក្នុងរយៈពេល ១១ខែដំបូងក្នុងឆ្នាំ២០២១ ស្មើនឹង ១៩,២ភាគរយនៃការនាំចេញផលិតផលកសិកម្មសរុបរបស់វៀតណាម។ នេះបើយោងតាមកាសែត VN Express៕