(កូរ៉េខាងត្បូង)៖ បច្ចេកវិទ្យា 5G ថ្មីដែលក្រុមហ៊ុនស្មាតហ្វូនទើបតែនឹងដាក់ឱ្យប្រើប្រាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះគឺឃើញថាមានការកើនឡើងជាខ្លាំងនៅជុំវិញពិភពលោក ហើយមានចំនួនអ្នកប្រើប្រាសដ៏ច្រើនដែលបានចូលទៅប្រើទិន្នន័យ 5G នេះគឺដោយសារវាផ្តល់នៅទិន្នន័យល្បឿនលឿនស្ទើរគ្រប់ទីកន្លែង ហើយចំពោះបញ្ហាទិន្នន័យដើរយឺតបានបន្ថយមកនៅកម្រិតទាបវិញ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AppleInsider នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។

របាយការណ៍ថ្មីមួយបានមកពី OpenSignal បានបង្ហាញថាល្បឿនទិន្នន័យដែលបានកើនឡើងជាសកលដោយសារការរីករាលដាលនៃបច្ចេកវិទ្យា 5G ដែលបានចាប់ផ្តើមនៅចុងឆ្នាំ២០១៩។

ជាក់ស្តែងបច្ចុប្បន្ននេះល្បឿនទិន្នន័យសម្រាប់ការ Download កម្មវិធីផ្សេងៗនៅក្នុងប្រទេសកូរ៉េខាងត្បូងមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយមុនពេល 5G ដាក់ឱ្យដំណើរការអ្នកប្រើប្រាស់នៅកូរ៉េខាងត្បូងពីមុនអាចប្រើទិន្នន័យជាមធ្យម 52.4 Mbps ប៉ុន្តែឥឡូវនេះទទួលបានជាមធ្យម 129.7 Mbps ខណៈដែលការកើនឡើងនៃល្បឿនទាំងនេះបានបណ្តាលឱ្យប្រទេសកូរ៉េខាងត្បូងត្រូវបានចុះបញ្ជីជាកន្លែងដែលល្អបំផុតសម្រាប់ការលេងហ្គេមអនឡាញដោយផ្អែកលើល្បឿនទិន្នន័យ។

ចំណែកល្បឿនទិន្នន័យនៅក្នុងប្រទេសកាណាដាក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរដោយបានកើនឡើងពី 42.5 Mbps ដល់ 64.1 Mbps ជាមធ្យម ហើយនៅក្នុងចក្រភពអង់គ្លេសមានការកើនឡើងពី 21.7 Mbps ដល់ 39.7 Mbps ខណៈដែលនៅក្នុងសហរដ្ឋអាមេរិកមានការកើនឡើងក្នុងកម្រិតតិចតួចពី 21.3 Mbps ទៅ 37 Mbps ប៉ុណ្ណោះ។

គួរជម្រាបដែរថា iPhone 12 គឺជាត្រកូលដំបូងរបស់ Apple ដែលអាចប្រើប្រាស់ជាមួយ 5G បានដោយបានចេញលក់កាលពីខែតុលា ឆ្នាំ២០២០ កន្លងទៅ ប៉ុន្តែឥឡូវនេះ iPhone 13, iPad Pro 12.9-inch ជំនាន់ទីប្រាំ, iPad Pro 11-inch ជំនាន់ទីបី និង iPad Mini ជំនាន់ទីប្រាំមួយ ក៏ត្រូវបានដាក់ឱ្យដំណើរការជាមួយបណ្តាញទិន្នន័យ 5G ផងដែរ៕